• Today: November 21, 2024

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបញ្ជូនភ្នាក់ងារទារកម្ចីតាមអនឡាញ ចំនួន ០៣នាក់ ទៅតុលាការ

ភ្នំពេញ៖ កម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក្រសួងមហាផ្ទៃ បានបញ្ជូនខ្លួនភ្នាក់ងារទារប្រាក់កម្ចីអនឡាញខុសច្បាប់ ចំនួន ០៣រូប បញ្ជូនទៅតុលាការរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ នេះ ពាក់ព័ន្ធករណីជំតិតទាប្រាក់ និងបន្តស្វែងរកមេខ្លោង និងបក្សពួកបន្តទៀត។

 នគរបាលនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានសហការជាមួយកម្លាំងមានសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងមានការឯកភាពពីលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន ០៣រូប កំពុងធ្វើសកម្មភាពគំរាមកំហែងជនរងគ្រោះ នៅចំណុចបុរីប៉េងហួត បឹងស្នោ សង្កាត់ច្បារអំពៅ រាជធានភ្នំពេញ និងបាននាំមកនាយកដ្ឋានដើម្បីសាកសួរបន្ត។

 ជនសង្ស័យទាំង ០៣នាក់ បានសារភាពថា "ខ្លួនបានបម្រើការ ជាភ្នាក់ងារឲ្យក្រុមហ៊ុនផ្ដល់កម្ចីអនឡាញមួយ ហើយខ្លួនបានដើរតួនាទីជាអ្នកបញ្ចុះបញ្ចូលរកអ្នកត្រូវការសេវាខ្ចីប្រាក់ និងជាអ្នកចុះទៅទារប្រាក់ពីអ្នកខ្ចីប្រាក់ទាំងនោះ ដែលជារឿយៗតែងតែគំរាមកំហែងដល់អ្នកដែលមិនបានសងប្រាក់ទាន់ពេលវេលា"។កម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក៏បានរកឃើញផងដែរថា ក្រុមហ៊ុន សេវាកម្មកម្ចីប្រាក់ទាំងនេះ គឺពុំមានអាជ្ញាប័ណ្ណ និងសុំច្បាប់អនុញ្ញាតពីធនាគារជាតិកម្ពុជាឡើយ។ 

 សូមជម្រាបថា តាមប្រកាសរវាងអគ្គស្នងការនគរបាលជាតិ និងធនាគារជាតិកម្ពុជា ចុះថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ បានបញ្ជាក់ថា នឹងចាត់វិធានការតឹងរឹងតាមផ្លូវច្បាប់ចំពោះការផ្ដល់ឥណទានខុសច្បាប់ និងផ្សព្វផ្សាយនានាតាមគ្រប់រូបភាពពាក់ព័ន្ធនឹងការផ្ដល់សេវាហិរញ្ញវត្ថុដែលគ្មានច្បាប់អនុញ្ញាត។

 សេចក្តីប្រកាសរួមក៏បានណែនាំឲ្យប្រជាពលរដ្ឋ ត្រូវជៀសវាងដាច់ខាតចំពោះការខ្ចីប្រាក់ពីអ្នកផ្ដល់សេវាហិរញ្ញវត្ថុក្រៅផ្លូវការដែលពុំមានការអនុញ្ញាតពីធនាគារជាតិ និងដើម្បីជួយដល់អាជ្ញាធរពាក់ព័ន្ធអាចចាត់វិធានការផ្លូវច្បាប់ទាន់ពេលវេលា។ 

 សូមប្រជាពលរដ្ឋដែលមានព័ត៌មានពាក់ព័ន្ធ និងសកម្មភាពផ្ដល់ឥណទានខុសច្បាប់ រាយការណ៍មកធនាគារជាតិកម្ពុជា តាមរយៈលេខទូរសព្ទចំនួន ប្រាំខ្សែរ ÷ 0៨៨ ៦០០ ០០២, 0៨៥ ៦០០ ០០៣, ០៩៨ ២២០ ០០១, ០៩៨ ២២០ ០០២ និង ០៩៧ ២៧៨ ៣០៣០។

 សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ នាយកដ្ឋានបានបញ្ជូនជនសង្ស័យទាំង ០៣នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ និងបន្តស្វែងរកមេខ្លោង និងបក្សពួកបន្តទៀត៕

Tags

Comment