• Today: December 03, 2024

លិខិតបំភ្លឺរបស់មន្ទីរសម្រាកព្យាបាលអន្តរជាតិខេត្តព្រះសីហនុ ខុសពីអ្វីហ្នឹងសាច់ញាតិជនរងគ្រោះអះអាង


ក្រោយពីរមានការជជែកវែកញែកពីស្ត្រីម្នាក់សម្រាលកូនដែលបានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ(ឬពេទ្យចម្ការចេក) ពេលនេះមន្ទីរសម្រាកព្យាបាលអន្តរជាតិ (គ្លីនិកឯកជន)បានចេញលិខិតបំភ្លឺថា: 
(សេចក្ដីជូនដំណឹង មន្ទីរសម្រាកព្យាបាលនិងសម្ភពអន្តរជាតិក្រុងព្រះសីហនុមានកិត្តិយសសូមជម្រាបជូនដំណឹងដល់ពុកម៉ែមាមិញបងប្អូននិងសាធារណជនអំពីករណីដ៏កម្រមួយ ដែលបានកើតឡើងចំពោះអ្នកជំងឺយើងម្នាក់ដែលបានសម្រាលកូនដោយធម្មជាតិកាលពីព្រឹកព្រលឹមថ្ងៃទី 7 ខែសីហាឆ្នាំ 2023 នៅវេលាម៉ោង 4:30 នាទីព្រឹក នៅមន្ទីរសម្រាកព្យាបាលនិងសម្ភពអន្តរជាតិ។
   ពេលអ្នកជំងឺចូលមកទទួលសេវាសម្រាលធម្មជាតិអ្នកជំងឺមានរំអិលឈាមប្រាវៗ ជាសញ្ញាឈឺពោះសម្រាល។ ក្រោយឆ្លុះពិនិត្យមាត់ស្បូនឃើញថាស្បូនបើកអស់ហើយ។ជាសញ្ញាដែលស្ត្រីឈឺពោះប្រឹងសម្រាកកូនហើយ។ ដោយឃើញសញ្ញាបែបនេះក្រុមគ្រូពេទ្យបានរៀបចំសម្រាលធម្មជាតិជូនអ្នកជំងឺជាបន្ទាន់។យ៉ាងយកចិត្តទុកដាក់។ខណៈពេលដែលអ្នកជំងឺកំពុងប្រើកម្លាំងប្រឹងបង្កើតកូន។ អ្នកជំងឺចាប់ផ្ដើមមានសភាពមិនប្រក្រតីប្រកាច់ចង្វាក់បេះដូងនិងសម្ពាធឈាមថយចុះ យកចង្វាក់ជីពចរមិនបានរហូតដល់បាត់បង់ស្មារតី ។ ឃើញសុភាពធ្ងន់ធ្ងរបែបនេះក្រុមគ្រូពេទ្យបានផ្ដល់ដំណឹងពីសភាពធ្ងន់ធ្ងររបស់អ្នកជំងឺជូនដល់គ្រួសារអ្នកជំងឺ និងធ្វើការសង្គ្រោះបឋមជូនអ្នកជំងឺ ដោយម៉ាស្សាបេះដូងយកសញ្ញាជីវិត និងផ្ដល់អុកស៊ីសែនជាដើម។ ក្រោយពេលអ្នកជំងឺដឹងខ្លួនក្រុមគ្រូពេទ្យបានរួសរាន់។បង្កើតទារកឲ្យបានឆាប់បំផុត។តាមដែលអាចធ្វើទៅបាន ដើម្បីធ្វើការសង្គ្រោះទារកបន្ត។ ក្រោមការព្យាយាមសង្គ្រោះពីក្រុមគ្រូពេទ្យទារកបានកើតមកដោយជោគជ័យ តែទារកដែលទើបកើតមកនេះ ពិបាកដកដង្ហើម មិនយំ និងមានលក្ខណៈខ្សោយខ្លាំង ដែលស្ទើរតែចង់ផុតម្ដងៗទៅហើយ។ 
   ដោយឃើញសភាពរបស់អ្នកជំងឺ(ម្ដាយទារក)កាន់តែធ្ងន់ធ្ងរទៅៗក្រុមគ្រូពេទ្យក៏សម្រេចចិត្តបញ្ជូនអ្នកជំងឺ(ម្ដាយទារក) ទៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុដើម្បីធ្វើការសង្គ្រោះបន្ត។ ចំពោះទារកដែលមានលក្ខណៈខ្សោយខ្លាំងនោះ ក្រុមគ្រូពេទ្យនៅបន្តការសង្គ្រោះរហូតបានជោគជ័យ។ តែដោយឡែកជាអកុសល ម្ដាយទារកដែលបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុនោះ មិនអាចសង្គ្រោះបានឡើយ។ ហើយក៏បានបាត់បង់ជីវិតនៅមន្ទីរពេទ្យនោះទៅ។ 
(សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា)
ទាក់ទងនឹងបញ្ហាខាងលើ
ករណីទី1 
វាអាចជាករណី (Amniotic Fluid Embolism AFE )ដែលជាករណីជ្រៀតទឹកភ្លោះរបស់កូនចូលក្នុងសរសៃឈាមសួតរបស់ម្ដាយ ដែលបង្ករជាបញ្ហាធ្ងន់ធ្ងរ ដល់បាត់បង់អាយុជីវិតរបស់ម្ដាយ ឬទារក។
   ការជ្រៀតចូលនៃបំណាច់តូចៗនៃទឹកភ្លោះរបស់កូន។ ចូលក្នុងសរសៃឈាមម្ដាយ ហើយចូលទៅស្ទះនៅក្នុងសរសៃឈាមសួតរបស់ម្ដាយ ធ្វើឱ្យម្ដាយមានការស្ទះសរសៃឈាមភ្លាមៗ ហើយបណ្ដាលអោយគាំងបេះដូង(ភាគច្រើនស្លាប់ភ្លាមៗនៅនឹងកន្លែង ដែលមិនអាចឲ្យគ្រូពេទ្យសង្គ្រោះទាន់ពេលវេលាឡើយ)។
   AFE ជាករណីដ៏កម្រដែលវាអាចកើតមានលើមនុស្ស1នាក់ ក្នុងចំណោមស្ត្រីពពោះ1ម៉ឺននាក់ ។
ករណីទី 2 
   វាអាចជាករណី Cardiogenic Shock ដែលកើតឡើងនៅពេលដែលបេះដូងអ្នកជំងឺមិនអាចច្របាច់ឈាម និងដឹកនាំអុកស៊ីសែន បានគ្រប់គ្រាន់ទៅកាន់ខួរក្បាល និងសរីរាង្គផ្សេងទៀត ដែលជាហេតុធ្វើឲ្យខួរក្បាលនិងសេរីរាង្គក្នុងរាងកាយ មិនអាចទទួលបានឈាម និងអុកស៊ីសែនគ្រប់គ្រាន់តាមតម្រូវការ។ មូលហេតុនៃ Cardiogenic Shock គឺកើតឡើងភាគច្រើនចំពោះអ្នកជំងឺដែលមានបញ្ហាបេះដូងស្រាប់។ នឹងការកក់ស្ទះដំណើររបត់ឈាមក្នុងសរសៃឈាមសួតជាដើម។ 
គួរជម្រាបផងដែរថា AFE ដែលជាករណីទីមួយដែលបានរៀបរាប់ខាងលើគឺជាមូលហេតុធំមួយដែលធ្វើឲ្យមានការស្ទះសរសៃឈាមសួត រហូតដល់ ឈានទៅដល់ Cardiogenic Shock ផងដែរ។
   តំណាងឲ្យគណៈគ្រប់គ្រងមន្ទីរសម្រាកព្យាបាលនិងសម្ភពអន្តរជាតិ យើងខ្ញុំសូមចូលរួមសោកស្ដាយនិងរំលែកទុក្ខដ៏ក្រៀមក្រំដល់ក្រុមគ្រួសារនៃសព។ ដែលបានបាត់បង់សមាជិករបស់ខ្លួនហើយឆ្លៀតក្នុងឱកាសនោះយើងខ្ញុំសូមជម្រាបជូនដំណឹងដល់ពុកម៉ែបងប្អូន។និងសាធារណជនមេត្តាជ្រាបព័ត៌មាននិងមេត្តាឈ្វេងយល់ ពីដំណើរនៃអង្គហេតុនិងអង្គផលនៃរឿងនេះឲ្យបានច្បាស់ផងចុះ។
   យើងខ្ញុំក៏សូមជូនដំណឹងដល់អ្នកសារព័ត៌មាននិងអ្នកកាសែតដែលខ្វះប្រជាជីវៈមួយចំនួនតូច។ដែលបានផ្សាយព័ត៌មានលើសពីការពិត។ និងមានចេតនាធ្វើឲ្យប៉ះពាល់ដល់កិត្តិយសមន្ទីរសម្រាកព្យាបាលនិងសម្ភពអន្តរជាតិ។ សូមមេត្តាទទួលជ្រាបជាព័ត៌មាន និងផ្អាកការផ្សព្វផ្សាយទាំងឡាយណាដែលបង្កប់នៅចេតនាញុះញង់។ក្នុងន័យបរិហារគេដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសមន្ទីរសម្រាកព្យាបាលនិងសម្ភពអន្តរជាតិ សូមអរគុណ ។
ក្រុងព្រះសីហនុថ្ងៃទី 8 ខែសីហាឆ្នាំ 2023
វេជ្ជ ហូរសុធី

Tags

Comment