កំពត៖ ឧកញ៉ា ជា សារ៉ន និងបក្ខពួក ចំនួន០៨នាក់ទៀត ត្រូវបានកម្លាំងស្នងការនគរបាលខេត្តកំពត បានបញ្ជូនខ្លួនទៅកាន់តុលាការដើម្បីបន្តនិតិវិធីតាមច្បាប់ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ នេះ បន្ទាប់ពីសាកសួរ និងធ្វើកំណត់ហេតុស្តាប់ចម្លើយចប់ ខណៈមានប្រជាពលរដ្ឋរាប់ពាន់នាក់បានមកដាក់បណ្តឹងជាបន្តបន្ទាប់។
មន្ត្រីនគរបាលព្រហ្មទណ្ឌ បានឲ្យដឹងថា សំណុំរឿងក្រុមហ៊ុនអភិវឌ្ឍន៍ដីឡូត៍ ឧកញ៉ា ជា សារ៉ន ក្រោយពីមន្ត្រីជំនាញបំពេញបែបបទសាកសួរ និងស្តាប់ចម្លើយចប់សព្វគ្រប់នោះ ទាំងប្រធានក្រុមហ៊ុន និងបក្ខពួក ចំនួន០៨នាក់ទៀត បានបញ្ជូនទៅទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនិតិវិធី។
តាមរបាយការណ៍ គិតត្រឹមថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ នេះ នគរបាលបានទទួលពាក្យបណ្ដឹងពីប្រជាពលរដ្ឋ អំពីករណីឆបោករបស់ ក្រុមហ៊ុនអភិវឌ្ឍន៍ដីឡូត៍ ចំនួន ២ ៣៧២នាក់ និងនៅមានប្រជាពលរដ្ឋជាច្រើនទៀតបន្តដាក់បណ្តឹងផងដែរ។
លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានបញ្ជាក់ថា កាសែតថា ក្នុងខេត្តកំពត មានប្រជាពលរដ្ឋ ចំនួន២ ៤៦១នាក់ ស្រី៦៨២នាក់ បានទៅខ្ចីប្រាក់ពីធនាគារ-មីក្រូហិរញ្ញវត្ថុ និងថវិកាផ្ទាល់ខ្លួនយកទៅដាក់វិនិយោគជាមួយក្រុម ជា សារ៉ន រៀលធី ឯ.ក ដើម្បីទទួលបានការប្រាក់ប្រចាំខែខ្ពស់ ទៅតាមចំនួនប្រាក់ដែលប្រជាពលរដ្ឋ បានវិនិយោគជាមួយក្រុមហ៊ុន។ លោកស្នងការប៉ូលិសខេត្តក៏បានឲ្យដឹងបន្ថែមថា ចំនួនទឹកប្រាក់កម្ចីសរុប ចំនួន៤០ ៥៨២ ២២៥ដុល្លារ និង ៨៨ ០០០ ០០០រៀល, ចំនួនទឹកប្រាក់ផ្ទាល់ខ្លួនសរុប ១ ១២០ ២៣៧ដុល្លារ , និងចំនួនទឹកប្រាក់វិនិយោគជាមួយក្រុមហ៊ុន ចំនួន៣៨ ៧៩៤ ២៥៩ដុល្លារ និង១០២ ៤០០ ០០០រៀល។
សូមរំឭកថា កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត និងលោក ញូវ សាឯម ប្រធានក្រុមប្រឹក្សាខេត្តកំពត បានដឹកនាំមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ប្រធានមន្ទីរ ស្ថាប័ន និងអង្គភាពនាន និងកងកម្លាំងប្រដាប់អាវុធទាំង ០៣ប្រភេទ ចុះទៅធ្វើការសម្របសម្រួល និងបានដោះស្រាយ ករណីវិវាទរវាងក្រុមហ៊ុនអភិវឌ្ឍន៍ដីឡូត៍ ជា សារ៉ន គ្រប់ ជាមួយនឹងប្រជាពលរដ្ឋជាង ៥ពាន់គ្រួសារដែលមានបញ្ហាដោយសារក្រុមហ៊ុនមិនធ្វើតាមកិច្ចសន្យា និងធ្វើឱ្យប្រជាពលរដ្ឋ ដែលជាអ្នកវិនិយោគ និងភ្នាក់ងារលក់ និងអ្នកទិញដីឡូត៍ ជាពិសេសនោះអ្នកទៅខ្ចីលុយធនាគារមកឱ្យក្រុមហ៊ុនដើម្បីបានចំណេញប្រាក់បែរជាធ្លាក់ខ្លួនជំពាក់បំណុលធនាគារដោះស្រាយមិនរួច។
ការសម្របសម្រួលដោះស្រាយនេះ បានប្រព្រឹត្តធ្វើឡើងវនៅក្នុងបរិវេណវត្តអង្គឈូក ស្ថិតនៅក្នុងភូមិឈើទាល ឃុំឈូកវស្រុកឈូកខេត្តកំពត ដែលមានពលរដ្ឋចូលរួមជាង៥ពាន់នាក់។
ក្នុងដំណាក់កាលសមហរបសម្រួលនោះ ឧកញ៉ា ជា សារ៉ន ព្រមទទួលសងតាមការសម្របសម្រួលខាងលើ ប៉ុន្តែលោកមិនទាន់មានអ្វីយកមកតម្កល់ដូចជា អចលនវត្ថុ ឬអ្វីផ្សេងៗ ដើម្បីជាអំណះអំណាង ដែលមិនអាចទុកចិត្តបាននោះឡើយ។
ឧកញ៉ា ជា សារ៉ន នាយកក្រុមហ៊ុន ជា សារ៉ន បានទួលស្គាល់នូវរាល់កំហុសឆ្គងទាំងជាមួយប្រជាពលរដ្ឋ និងបានបញ្ជាក់ថា ដោយចុងគ្រោយនេះក្រុមហ៊ុនបានយកលុយមកទិញដី និងធ្វើការិយាល័យសម្រាប់ធ្វើការងារអស់ជាង ២០លានដុល្លារ ទើបបណ្តាលឲ្យក្រុមហ៊ុនជួបបញ្ហាបែបនេះ ទោះជាយ៉ាងណាក្រុមហ៊ុននឹងដោះឲ្យអស់លទ្ធតាមដែលអាចធ្វើទៅបានផងដែរ៕
Comment