ស្ទឹងត្រែង៖ ជំនន់ទឹកភ្លៀង ក្នុងខេត្តស្ទឹងត្រែង បង្កឱ្យមានភូមិដ្ឋានរបស់ប្រជាពលរដ្ឋ ចំនួន ១៥ រងផលប៉ះពាល់បញ្ហាប្រឈមនេះ អាជ្ញាធរស្រុកសេសាន ខេត្តស្ទឹងត្រែង បានណែនាំប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នលើកកម្ពស់សុវត្ថិភាព។
លោក សុវណ្ណ ពិសេដ្ឋ អភិបាលស្រុកសេសាន បានប្រាប់កាសែតថា “គិតត្រឹមថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ នេះ ស្ថានភាពទឹកទន្លេសេសាន មានកម្ពស់ប្រមាណ ៩ម៉ែត្រ ជិតដល់កម្រិតប្រកាសអាសន្ន ដូច្នេះប្រពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នខ្ពស់”។ លោកបានបន្តទៀត “ខណៈពេលនេះ ទឹកទន្លេសេសាននៅបន្តហក់ឡើងបន្ថែមទៀត ព្រោះភ្លៀងបន្តធ្លាក់ជារៀងរាលថ្ងៃ”។
លោកអភិបាលស្រុកសេសាន បានបន្ថែមទៀតថា “ចំពោះបញ្ហាជំនន់ទឹកភ្លៀងនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលកំពុងរស់ និងប្រកបកិច្ចការងារប្រចាំថ្ងៃតាមដងទន្លេ និងបងប្អូនរសនៅក្នុងតំបន់ងាយរងគ្រោះផ្សេងៗទៀត ត្រៀមបង្ការ និងប្រុងប្រយ័ត្នខ្ពស់ និងនាំគ្នាប្រមូលផលដំណាំទៅតាមដែលអាចធ្វើទៅបាន បើខ្វះកម្លាំងត្រូវជូនដំណឺងតាមរយៈមេភូមិ”។
ប្រជាពលរដ្ឋដែលប្រឈមការរងគ្រោះ បានឱ្យដឹងថា គ្រោះមហន្តរាយជំនន់ទឹកភ្លៀងបានហក់ឡើងយ៉ាងលឿនតែរយពេល ៣ថ្ងៃសោះបង្កឱ្យលិចផលដំណាំ ដូចជា ដំឡូងមី ពោត និងស្រូវត្រូវលិចរាប់សិបហិកតា។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ នេះ ស្ថានភាពទឹកនៅតាមដងទន្លេទាំង ០៣ ក្នុងខេត្តស្ទឹងត្រែង រួមមាន៖ ទី១- ទន្លេមេគង្គ ព្រឹកនេះ ទឹកមានកម្ពស់ ៨,៨៧ម៉ែត កំពស់ទឹកត្រូវប្រកាសអាសន្ន ១០,៧០ម៉ែត្រេ, ទី២- ទន្លេសេកុង ព្រឹកនេះកម្ដស់ទឹក ៨,៧០ម៉ែត្រ កំពស់ទឹកត្រូវប្រកាសអាសន្ន១១,៥០ម៉ែត្រ, ទី៣- ទន្លេសេសាន ព្រឹកនេះកម្ពស់ទឹក ៨,៩៦ម៉ែត្រ កំពស់ទឹកត្រូវប្រកាសអាសន្ន១០,៥០ម៉ែត្រ
កាហក់ឡើងទឹកទន្លេងសេសាន បានបង្កផលប៉ះពាល់ភូមិដ្ឋានរបស់ប្រជាពលរដ្ឋ ចំនួន ១៥ភូមិ នៅក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង ដែលមានប្រជាពលរដ្ឋប្រមាណរងផលប៉ះពាល់ប្រមាណ ៣០០គ្រួសារ និងផលដំណាំផ្សេងៗជាច្រើនហិកតា ក៏រងការគំរាមកំហែងផងដែរ៕
Comment