• Today: November 21, 2024

ទាល់តែកាសែតផ្សាយព្រោងព្រាត ទើបសមត្ថកិច្ចអនុវត្តន៍ដីកាចាប់ខ្លួនជនត្រូវចោទក្នុងករណីឃាតកម្មនៅស្រុកគងពិសី

កំពង់ស្ពឺ៖ ក្រោយពីការសែតចុះផ្សាយព្រោងព្រាត ស្តីពីករណីសមត្ថកិច្ចមិនព្រមអនុវត្តន៍ដីកាចាប់ខ្លួនជនល្មើសដែលចាក់សម្លាប់បងថ្លៃក្នុងវង់ផឹកស៊ី ដោយទុកឱ្យជនល្មើសដើរផឹកស៊ីពេញភូមិមានសេរីភាពធម្មតានោះ ពេលនេះត្រូវបានមន្ត្រីនគរបាលផ្នែកព្រហ្មទណ្ឌស្រុកគងពិសីចុះចាប់ខ្លួន ដើម្បីបញ្ជូនទៅកាន់តុលាការអនុវត្តន៍តាមផ្លូវច្បាប់។

ជនសង្ស័យត្រូវបានចាប់ខ្លួន នៅរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ ម្សិលមិញ ដោយមន្ត្រីនគរបាលផ្នែកនគរបាលយុត្តធម៌ស្រុកគងពិសី បានសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលស្នំក្រពើ អនុវត្តន៍ដីកាបង្គាប់ឱ្យចាប់ខ្លួនឈ្មោះ  ង៉ែត សុខសាន ភេទប្រុស អាយុ ២៩ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិអណ្តូងច្រុះ ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

យោងតាមដីកាបង្គាប់អោយចាប់ខ្លួន លេខ១៦១/២០២៣ របស់លោក ខាន់ សុខា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ ចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣  ពីបទៈ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយសាមរណភាព នៃជនរងគ្រោះ  ដែលបានប្រព្រឹត្តកាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ កន្លងមក ស្ថិតក្នុងភូមិអណ្តូងច្រុះ ឃុំស្នំក្រពើ ស្រុកគងពិសី។

សូមរំឭកថា កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ១៩និង៣៨នាទី មានករណីហិង្សាដោយចេតនាបណ្តាលឱ្យជនរងគ្រោះម្នាក់ស្លាប់ នៅចំណុចភូមិអណ្តូងច្រុះ ឃុំស្នំក្រពើ ស្រុកគងពិសី បង្កឡើងដោយឈ្មោះ ង៉ែត សុខសាន្ត ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិ-ឃុំខាងលើ បានយកកាំបិតចិតបន្លែ ចាក់ទៅលើឈ្មោះ វ៉ែន វ៉ាន់ ភេទប្រុស អាយុ ៤០ឆ្នាំ ដែលត្រូវជាបងថ្លៃ រស់នៅក្នុងភូមិ-ឃុំជាមួយគ្នា ចំនួន ០២កាំបិត ត្រូវដើមដៃខាងឆ្វេង និងក្រោមដោះខាងស្តាំបណ្តាលឱ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងបានរត់គេចខ្លួនបាត់។ ក្រោយពេលសមត្ថកិច្ចជំនាញចុះស៊ើបអង្កេត និងកសាងសំណុំរឿងបញ្ជូនទៅ អយ្យការសាលាដំបូងខេត្តកំពង់ស្ពឺ មានចំណាត់ការនិតិវិធីជាបន្តបន្ទាប់រហូតទទួលបានព័ត៌មានថា ជនសង្ស័យត្រូវបានចៅក្រមចេញដីកាបង្គាប់ឱ្យចាប់ខ្លួន ប៉ុន្តែមិនដឹកដីកាទើត្រឹមកន្លែងណាទេ ដោយជនល្មើសដើរហើរផឹកស៊ីសប្បាយគ្មានខ្លាចញញើតអ្វីឡើយ រហូតបែករឿងរ៉ាវនេះកាសែតចេញផ្សាយព្រោងព្រាត ទើបមានការបាញ់ដីកាសាជាថ្មីទៅសមមត្ថកិច្ចពាក់ព័ន្ធចុះអនុវត្តន៍ដីកាចាប់ខ្លួនជនត្រូវចោទតែម្តង។

តាមប្រភពពីមន្ត្រីនគរបាលបានបង្ហើបថា បច្ចុប្បន្ននេះ នៅក្នុងស្ថាប័នតុលាការមានមន្ត្រីខ្លះតែងតែឆ្លៀតឱកាសរត់ការរឿងក្តីចេញពីបន្ទប់មួយទៅបន្ទប់មួយដើម្បីទទួលផលលាភ ដែលទង្វើបែបនេះវាខុសនឹងវិជ្ជាជីវៈតុលាការ និងការរំលោភដែនសមត្ថកិច្ចដែលធ្វើឲ្យមន្ត្រីមួយចំនួនមានការស្ទាក់ស្ទើរក្នុងការអនុវត្តនីតិវិធីហើយក្រសួងយុត្តិធម៌ ចាត់មន្ត្រីចុះមកធ្វើអធិការកិច្ចឱ្យបានញឹកញាប់ចៀសវាងកុំឲ្យមានរឿងអាស្រូវដូចជាករណីនេះជាដើម។

បច្ចុប្បន្នជនជាប់ចោទដែលចាក់សម្លាប់បងថ្លៃត្រូវបានចាប់ខ្លួនបញ្ជូនទៅស្នងការនរបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់បន្តតាមនិតិវិធី៕

Tags

Comment