• Today: November 21, 2024

សាស្ត្រាចារ្យនិងសិស្សនិស្សិតខេត្តកំពតបានរំពឹងថារាជរដ្ឋាភិបាលថ្មីនឹងធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាកាន់តែល្អប្រសើរ

(កំពត)នាថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២៣នេះ សាស្ត្រាចារ្យ និងសិស្សនិស្សិតខេត្តកំពត បានយល់ឃើញថារាជរដ្ឋាភិបាលថ្មី អាណត្តិទី៧នេះ ប្រមុខថា្នក់ដឹកនាំសុទ្ធសឹងជាយុវជន ពោពេញដោយថាមពល សមត្ថភាព បទពិសោធ និងផ្នត់គំនិតច្នៃប្រឌិត ដើរទាន់របត់សង្គមឌីជីថល។

ពួកគាត់គាំទ្ររដ្ឋាភិបាលថ្មី និងរំពឹងថាក្រោមការដឹកនាំរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីថ្មី នៃកម្ពុជានៅតែរក្សាបាននូវសុខសន្តិភាព ការអភិវឌ្ឍន៍ និងសេដ្ឋកិច្ចកាន់តែល្អជាងមុន។ 

សិស្ស និស្សិតសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពត បានបង្ហាញចំណាប់អារម្មណ៍ និងការគាំទ្រចំពោះរាជរដ្ឋាភិបាលថ្មី អាណត្តិទី៧ ថាពួកគេពិតជាសប្បាយចិត្តដែលបានឃើញប្រទេសកម្ពុជា អាចអនុវត្តរបបលិទ្ធិប្រជាធិបតេយ្យបានល្អ តាមរយៈការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំ និងឈានដល់ការបង្កើតរដ្ឋភិបាលថ្មីដោយរលូន គ្មានការរាំងស្ទះដូចប្រទេសជិតខាង។

និស្សិតទាំងនោះបានបង្ហាញការគាំទ្រចំពោះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីថ្មី ដើម្បីដឹកនាំប្រទេសកម្ពុជាឲ្យមានការអភិវឌ្ឍន៍រីកចម្រើនតទៅទៀត ហើយថារដ្ឋាភិបាលថ្មីនេះ នឹងជួយជំរុញដល់កំណើតសេដ្ឋជាតិឲ្យកាន់តែប្រសើរ។ 

ចំណែកសាស្ត្រាចារ្យ សំមឿន សុភក្ត្រា ប្រធានការិយាល័យរដ្ឋបាល និងបុក្គលិក នៃសាលាធម្យមសិក្សាសុខាភិបាលភូមិភាគកំពត  បានបង្ហាញការយល់ឃើញដែរថា បើមើលពីក្បាលម៉ាស៊ីនដឹកនាំរបស់រាជរដ្ឋាភិបាលថ្មី អាណត្តិ៧នេះ សុទ្ធសឹងជាយុវជន មានទាំងថាមពល សមត្ថភាព បទពិសោធ និងផ្នត់គំនិតច្នៃប្រឌិត ដើរទាន់របត់សង្គមថ្មី ឬសម័យឌីជីថល ដែលជាធនធានដ៏មានសក្តានុពល ក្នុងការដឹកនាំប្រទេសឲ្យកាន់តែរីកចម្រើន ជំរុញដល់កំណើតសេដ្ឋកិច្ចជាតិឲ្យកាន់តែប្រសើរជាងមុន។ 

សាលាធម្យមសិក្សាសុខាភិបាលភូមិភាគកំពត បានបង្កើតឡើងដំបូងនៅឆ្នាំ ១៩៨១ កាលនោះ ជាសាលាបណ្តុះបណ្តាលគិលានុបដ្ឋ និងឆ្មបបឋម រហូតមកដល់បច្ចុប្បន្ន សាលាបានបណ្តុះបណ្តាលនិស្សិត ឲ្យក្លាយជាមន្ត្រី និងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលជិត៧ពាន់នាក់  ខណៈដែលនិស្សិតកំពុងសិក្សាផ្ទាល់ មានចំនួនប្រមាណ ១១១៧នាក់។ (សឹង រ៉ាត់)

Tags

Comment