ភ្នំពេញ៖ របស់បណ្តុំអង្គការសង្គមស៊ីវិល បានសេចក្តីថ្លែងការណ៍ បណ្តុំអង្គការសង្គមស៊ីវិល ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ នេះ ពាក់ព័ន្ធនឹងព្រះរាជសាររបស់ព្រះមហាក្សត្រ អង្គព្រះចេស្តា ស្តីអំពីការបោះឆ្នោតនីតិកាលទី៧ ខាងមុខនេះ ដោយអង្គព្រះមហាក្សត្រ ទ្រង់បានអំពាវនាវឱ្យជនរួមជាតិ អ្នកមានសិទ្ធិបោះឆ្នោតទាំងអស់ អញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ជ្រើសរើសអ្នកដឹកនាំប្រទេសជាតិ ដើម្បីការអភិវឌ្ឍ និងការរីកចម្រើនរុងរឿង ថ្កើងថ្កានលើគ្រប់វិស័យ។
យោងតាមសេចក្តីថ្លែងការណ៍ របស់់បណ្តុំអង្គការសង្គមស៊ីវិល ដែលបណ្តាញសារព័ត៌មាន MSJTV ទទួលបាននៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ នេះ បានឱ្យដឲ្យដឹងថា កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះករុណាព្រះបាទ សម្ដេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានចេញព្រះរាជសារ ជម្រាបជូនជនរួមជាតិខ្មែរ អំពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ។ អង្គព្រះមហាក្សត្រ ទ្រង់បានអំពាវនាវឱ្យជនរួមជាតិ អ្នកមានសិទ្ធិបោះឆ្នោតទាំងអស់ អញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នាជ្រើសរើសអ្នកដឹកនាំប្រទេសជាតិ ដើម្បីការអភិវឌ្ឍ និងការរីកចម្រើនរុងរឿង ថ្កើងថ្កានលើគ្រប់វិស័យ។
ការបោះឆ្នោត គឺជាផ្នែកមួយមិនអាចខ្វះបាននៅក្នុងប្រទេសមានសន្តិភាព និងសង្គមប្រជាធិបតេយ្យដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋ ប្រើសិទ្ធិសម្រេចជោគវាសនាប្រទេសជាតិរបស់ខ្លួន តាមរយៈការជ្រើសរើសតំណាង និងថ្នាក់ដឹកនាំដែលខ្លួនគាំទ្រស្រឡាញ់ពេញចិត្តពីក្នុងចំណោមគណបក្សនយោបាយដែលបានចុះបញ្ជីប្រកួតប្រជែង ស្របតាមបទប្បញ្ញត្តិច្បាប់ជាធរមាន។
ថ្មីៗនេះ មានបុគ្គលអគតិមួយចំនួន កំពុងតែធ្វើការបំផុសបំផុល ក្នុងចេតនាទុច្ចរិត បំផ្លាញសិទ្ធិរបស់ប្រជាពលរដ្ឋ និងញុះញង់ប្រជាពលរដ្ឋឱ្យប្រព្រឹត្តអំពើផ្ទុយច្បាប់ ព្រមទាំងប្រឆាំងនឹងការអំពាវនាវរបស់អង្គព្រះមហាក្សត្រ។ បណ្តុំអង្គការសង្គមស៊ីវិល សូមជម្រាបបញ្ជាក់ជូនសាធារណជនជ្រាបថា យោងតាមច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត ដែលត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៧២៣/០១០ ចុះថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣ ដែលកំពុងមានអានុភាពជាធរមាន បានកំណត់ថា អំពើរារាំង ឬញុះញង់ប្រជាពលរដ្ឋ ដែលមានសិទ្ធិបោះឆ្នោតមិនឱ្យទៅបោះឆ្នោត និងអំពើណែនាំ ឬញុះញង់ឱ្យអ្នកបោះឆ្នោតបំផ្លាញ ឬធ្វើឱ្យខូចសន្លឹកឆ្នោតជាបទល្មើស ព្រហ្មទណ្ឌ ដែលត្រូវរងការផាកពិន័យជាប្រាក់ពី ៥លានរៀល ទៅ ២០លានរៀល និងការដកសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតយ៉ាងតិច ៥ឆ្នាំ ដោយមិនទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត។
បណ្ដុំអង្គការសង្គមស៊ីវិល សូមអំពាវនាវប្រជាពលរដ្ឋខ្មែរ ដែលមានសិទ្ធិបោះឆ្នោត និងមានឈ្មោះក្នុងបញ្ជីអ្នកបោះឆ្នោត សូមប្រើប្រាស់សិទ្ធិដ៏សំខាន់របស់ខ្លួន អញ្ជើញទៅបោះឆ្នោត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ដោយជ្រើសរើសគណបក្សនយោបាយមួយដែលខ្លួនពេញចិត្ត ដើម្បីបន្តរក្សាការពារសន្តិភាព ភាពសុខសាន្ត និង ការអភិវឌ្ឍ នៃសង្គមជាតិយើង និងជៀសវាងការចាញ់ឃោសនាអកុសលពីបុគ្គលអគតិមួយចំនួនតូច ដែលអាចនាំឱ្យ មានការប្រព្រឹត្តខុសឆ្គងផ្ទុយនឹងច្បាប់ ប្រឈមនឹងទោសទណ្ឌនានា តាមច្បាប់ជាធរមាន៕
Comment