• Today: November 21, 2024

រថយន្តចំនូន ០២គ្រឿង បុកគ្នាពេញទំហឹងបណ្ដាលឱ្យមនុស្ស ១១នាក់ រងរបួសធ្ងន់ ស្រាល នីខេត្តព្រៃវែង

 

ព្រៃវែង៖ ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តសាំងយ៉ុង ដឹកអ្នកដំណើរ ០១គ្រឿង បុកជាមួយរថយន្តហាយលែនឌ័រ បណ្ដាលឱ្យមនុស្សប្រុស-ស្រី ចំនូន ១១នាក់ រងរបួសធ្ងន់-ស្រាល។
   ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង ៦និង៣៥នាទីព្រឹក ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ ស្ថិតលើផ្លូវជាតិលេខ១ ចន្លោះបង្គោលគីឡូម៉ែត្រលេខ (៨៩-៩០) ក្នុងភូមិកំពង់ត្របែក ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ រថយន្តទាំង ០២គ្រឿង រងការខូចខាតយ៉ាងដំណំ ត្រូវបានកម្លាំងនគរបាលស្រុកកំពង់ត្របែក ចុះអន្តរាគមន៍ ធ្វើការវាស់វែង និងបញ្ជូនជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យ។
   តាមសាក្សីនិយាយថា នៅមុនពេលកើតហេតុ រថយន្តម៉ាក HIGHLANDER ពណ៍ទឹកមាស ពាក់ស្លាកលេខភ្នំពេញ 2AK-8914 អ្នកបើកបរ ឈ្មោះ ប៊ុន សំអូន ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិសំបួរ ឃុំអង្គសរ ស្រុកមេសាង ខេត្តព្រៃវែង បើកបរទិសដៅពីលិចទៅកើតមកដល់ចំណុចកើតហេតុខាងលើដោយសារស្ថានភាពងងុយដេក បានងោកមួយភាំង បណ្ដាលឱ្យរងយន្តរេចង្កូតជ្រុលទៅបុករថយន្ត ០១គ្រឿងទៀត ម៉ាកសាំងយ៉ុង ពណ៌សរ ពាក់ផ្លាកលេខ ភ្នំពេញ 2AN-5630 បើកបរដោយឈ្មោះ ចឹក សាមន ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិត្បែង ឃុំគគីសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង បណ្ដាលឱ្យរងរបួស ១១នាក់ (ស្រី ០៩នាក់) ក្នុងនោះ.រងរបួសធ្ងន់ ចំនួន ០៦នាក់ និងស្រាល ចំនួន ០៥នាក់ រីឯរថយន្តទាំងសងខាង បានរងការខូចខាតយ៉ាងដំណំ ។
   បច្ចុប្បន្ន អ្នករងរបួស ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ។ ដោយឡែករថយន្តទាំងសងខាង ត្រូវនគរបាលជំនាញ យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ត្របែក រង់ចាំដោះស្រាយបន្តតាមនីតិវិធី ៕ 

Tags

Comment