• Today: December 03, 2024

ជប៉ុននឹងផ្ដល់ជូនមួកសុវត្ថិភាពសរុបចំនួន ៣ ០០០មួក និងសម្ភារៈសុវត្ថិភាពសរុបចំនួន ១៥ ០០០ឈុត មកកម្ពុជាជាបន្តបន្ទាប់ ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៥


ទីស្ដីការក្រសួង៖ ថ្ងៃពុធ ១១រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ក្នុងនោះក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង តំណាងសម្ព័ន្ធក្រុមហ៊ុន NAPS Inc. (WINS, ReNet) និងសមាជិកសមាជិកនៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកជាច្រើនរូបផងដែរ។ 


ជាកិច្ចចាប់ផ្តើម ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូត បានសម្ដែងនូវភាពរីករាយដែលបានសហការជួយកម្ពុជាក្នុងការងារសុវត្ថិភាពចរាចរណ៍ តាមរយៈសកម្មភាពផ្សព្វផ្សាយ និងការផ្ដល់ជូននូវមួកសុវត្ថិភាពមកកម្ពុជា។ ដូចក្នុងឱកាសនេះ ជប៉ុនផ្ដល់ជូនមួកសុវត្ថិភាពចំនួន ១៩៤មួក មកកម្ពុជា ហើយភាគីជប៉ុននឹងបន្តផ្ដល់ជូនកម្ពុជានូវមួកសុវត្ថិភាពចំនួន ១ ០០០មួកផ្សេងទៀត ចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៥។ បន្ថែមពីនេះ ឯកឧត្តមឯកអគ្គរាជទូត ក៏បានលើកឡើងពីការចូលរួមរបស់រដ្ឋាភិបាលជប៉ុន ដែលកំពុងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៥ ដែលការកែលម្អផ្លូវថ្នល់នេះ នឹងអាចជួយសម្រួលលើការដឹកជញ្ជូនទំនិញ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋបានផងដែរ។
ឯកឧត្តមទេសរដ្ឋមន្ត្រី ថ្លែងអំណរគុណរដ្ឋាភិបាលជប៉ុនដែលតែងតែផ្តល់ការគាំទ្រកម្ពុជាលើគ្រប់វិស័យ ជាពិសេសលើវិស័យសាធារណការ និងដឹកជញ្ជូន ព្រមទាំងបានថ្លែងការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរផងដែរ។ ជាមួយគ្នា រដ្ឋាភិបាលជប៉ុនតែងតែយកចិត្តទុកដាក់ជួយកម្ពុជាលើការងារសុវត្ថិភាពចរាចរណ៍ ដូចមានគម្រោងធ្វើឱ្យប្រសើរឡើងសុវត្ថិភាពចរាចរណ៍តាមផ្លូវជាតិលេខ៥ និងការផ្ដល់ជូនមួកសុវត្ថិភាពនាឱកាសនេះជាដើម ដែលជាការរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា។
ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានជម្រាបជូនផងដែរពីការអភិវឌ្ឍរីកចម្រើនឥតឈប់ឈររបស់កម្ពុជា ដែលអាចផ្ដល់ឱកាសដល់ប្រជាពលរដ្ឋមានលទ្ធភាពទិញយានយន្តយកមកប្រើប្រាស់។ បើគិតក្នុងឆ្នាំ១៩៩៨ កម្ពុជាមានទោចក្រយានយន្តចំនួនប្រមាណ ២០ម៉ឺនគ្រឿង និងរថយន្តប្រមាណ ៦ម៉ឺនគ្រឿង ប៉ុន្តែបច្ចុប្បន្ន គិតត្រឹម២០២៣ កម្ពុជាកើនឡើងទោចក្រយានយន្តរហូតដល់ចំនួនប្រមាណ ៦លានគ្រឿង និងរថយន្តចំនួនប្រមាណ ១លានគ្រឿងដែលបានចុះក្នុងបញ្ជីរួចរាល់។
បន្ថែមលើចំនួនយានយន្តចរាចរណ៍នេះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានជម្រាបជូនពីស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ដែលកើតមាននៅកម្ពុជា ដោយជាមធ្យមមានអ្នកស្លាប់ប្រមាណ ៥នាក់ និងរបួសប្រមាណ ១០នាក់ ក្នុងមួយថ្ងៃ ក្នុងនោះ ចំណោមអ្នកស្លាប់សរុបដោយសារគ្រោះថ្នាក់ចរាចរណ៍ មានប្រមាណ ៧៥% ជាអ្នកប្រើប្រាស់ម៉ូតូ ដែលបង្កមកពីមូលហេតុជាច្រើនរួមមានកត្តាយានយន្ត និងកត្តាមនុស្ស ពិសេសគឺការមិនពាក់មួកសុវត្ថិភាព និងការពាក់មួកសុវត្ថិភាពមិនបានត្រឹមត្រូវ។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្ថែមថា ស្របតាមកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាល ត្រឹមឆ្នាំ២០៣០ កម្ពុជានឹងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យបានចំនួន ៥០% អាស្រ័យហេតុនេះ ការបន្តយុទ្ធនាការផ្សព្វផ្សាយ និងចែកជូនប្រជាពលរដ្ឋនូវមួកសុវត្ថិភាពបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបញ្ជ្រាប និងលើកកម្ពស់ចំណេះដឹងរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែទូលំទូលាយ។ 


ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្តជម្រាបថា គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានខិតខំប្រឹងប្រែងផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍តាមគ្រប់ទម្រង់រូបភាពជូនដល់សាធារណជនរួមមាន ការចុះបណ្តុះបណ្តាលផ្ទាល់ ការផ្សព្វផ្សាយតាមបណ្ដាញសង្គម ការសហការជាមួយក្រុមហ៊ុនឯកជនផ្ដល់ជូនមួកសុវត្ថិភាព ដូចកន្លងមកបានចែកជូនចំនួន ១០ម៉ឺនមួក និងចំណាំងផ្លាត ៣លាន៤សែនសន្លឹក ដោយឥតគិតថ្លៃ និងការចូលរួមពីវិស័យឯកជនលើការបញ្ជ្រាបចំណេះដឹងអំពីសុវត្ថិភាពចរាចរណ៍ដល់បុគ្គលិកនៅក្នុងស្ថាប័នផ្ទាល់ខ្លួនជាដើម។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានស្នើសុំតាមរយៈឯកឧត្តមឯកអគ្គរាជទូត ក្នុងការជួយសម្របសម្រួលឱ្យក្រុមហ៊ុនជប៉ុន ដែលកំពុងមានអាជីវកម្មនៅកម្ពុជា ចូលរួមសហការបណ្ដុះបណ្ដាល និងពន្យល់និយោជិតរបស់ខ្លួនពីសុវត្ថិភាពចរាចណ៍នៅកម្ពុជា និងពិនិត្យលទ្ធភាពទិញចំណាំងផ្លាត ចែកជូនប្រជាពលរដ្ឋកម្ពុជាក្នុងការប្រើប្រាស់បិទភ្ជាប់លើយានយន្ត ដើម្បីជាចំណែកចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍បន្ថែមទៀត។
សូមជម្រាបជូនថា៖ កម្មវិធីនាឱកាសនេះក៏មានការប្រគល់-ទទួលមួកសុវត្ថិភាព ចំនួន១៩៤មួក និងសម្ភារសុវត្ថិភាពសម្រាប់ទោចក្រយានយន្ត ដែលអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងក្រុមហ៊ុន NAPS Inc. របស់ប្រទេសជប៉ុន បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ស្តីពីការដែលក្រុមហ៊ុនមួយចំនួនរបស់ជប៉ុននឹងផ្តល់នូវសម្ភារបរិក្ខារសម្រាប់អ្នកប្រើប្រាស់ម៉ូតូ ដើម្បីចូលរួមចំណែកលើកកម្ពស់ការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក។ ក្នុងនោះ សម្ព័ន្ធក្រុមហ៊ុន NAPS Inc. (WINS, ReNet) នឹងផ្ដល់ជូនក្រសួងសាធារណការ និងដឹកជញ្ជូន នូវមួកសុវត្ថិភាពសរុបចំនួន ៣ ០០០មួក និងសម្ភារៈសុវត្ថិភាពសរុបចំនួន ១៥ ០០០ឈុត (អាវការពារ ខោ ស្រោមដៃ និងទឹកសម្អាតមួកសុវត្ថិភាព) ក្នុងរយៈពេល៣ឆ្នាំ ចាប់ពី២០២៣ នេះតទៅ ដែលមានចំនួន ៦ដំណាក់កាល៕

Tags

Comment