• Today: November 21, 2024

ស្ត្រី​ម្នាក់​ត្រូវ​ឃុំ​ខ្លួន​ពី​បទសង្ស័យ បំផ្ទុះគ្រាប់បែក​សម្លាប់​អ្នក​សរសេរ​ប្លុក​ គាំទ្រ​វិមាន​ក្រឹមឡាំង

មូស្គូ៖ ក្រុមអ្នកស៊ើបអង្កេតរុស្ស៊ី បានចាប់ឃុំខ្លួនស្ត្រីម្នាក់ បន្ទាប់ពីបានតាមប្រមាញ់ជនសង្ស័យជារកឃាតក ទទួលខុសត្រូវក្នុងការបំផ្ទុះគ្រាប់បែកនៅហាងកាហ្វេមួយ ក្នុងទីក្រុង សេន ភីធើស្ប៊ើក ដោយសម្លាប់អ្នកសរសេរប្លុកគាំទ្រសង្គ្រាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន។

ស្ត្រីត្រូវចាប់ខ្លួនឈ្មោះ ដារីយ៉ា ត្រេប៉ូវ៉ា (Darya Trepova) អាយុ២៦ឆ្នាំ ត្រូវអាជ្ញាធរប្រកាសឈ្មោះក្នុងបញ្ជីត្រូវចាប់ខ្លួន របស់ក្រសួងមហាផ្ទៃ ហើយការចាប់ខ្លួននាងត្រូវបានគណៈកម្មាធិការស៊ើបអង្កេតរបស់រុស្ស៊ីប្រកាសជាសាធារណៈភ្លាមៗ នៅមុននេះបន្តិច។

ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី បានរាយការណ៍ថា លោក វ៉្លាដឡេន តាតាស្គី (VladlenTatarsky) បានទទួលរូបចម្លាក់មួយភ្លាម រូបចម្លាក់នោះក៏ផ្ទុះតែ បណ្តាលឲ្យលោកស្លាប់នៅនឹងកន្លែង ចំណែកមនុស្សរាប់សិបនាក់ផ្សេងទៀតបានរងរបួស។ឃ្លីបវីដេអូ​​បង្ហោះ​លើ​បណ្តាញ​សង្គម​ បាន​បង្ហាញ​ពី​ការ​ផ្ទុះ​ ​និង​មនុស្ស​រង​របួសរណូករណែលនៅ​លើ​ផ្លូវក្បែរនោះ។

អាជ្ញាធររុស្ស៊ីបាននិយាយថា ពួកគេកំពុងស៊ើបអង្កេតការវាយប្រហារនៅកណ្តាលទីក្រុង សេន ភីធើស្ប៊ើក ដែលជាទីក្រុងធំបំផុតទីពីររបស់រុស្ស៊ី ដោយចាត់ទុកថា ជាឃាតកម្មដ៏ធំ។

ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីជាច្រើន បានរាយការណ៍ថា ស្ត្រីឈ្មោះ ដារីយ៉ា ត្រេប៉ូវ៉ា ត្រូវមន្ត្រីនគរបាលរុស្ស៊ី ចាប់ខ្លួននៅក្នុងការតវ៉ាប្រឆាំងសង្រ្គាម នាពេលកន្លងមក។

ក្រុមអ្នកស៊ើបអង្កេតរុស្ស៊ី បានមកដល់កន្លែងផ្ទុះ នៅហាងកាហ្វេ សេន ភីធើស្ប៊ើក ដែលកាលមុនជាកម្មសិទ្ធិរបស់លោក យ៉េវហ្គេនី ព្រីហ្គូជីន (Yevgeny Prigozhin) ស្ថាបនិកក្រុមទាហានឈ្មោះឈ្នួលរុស្ស៊ី ឈ្មោះ វ៉ាកនើ  (Wagner) ដែលកំពុងជាប់ដៃប្រយុទ្ធក្នុងសមរភូមិស៊ីសាច់ហុតឈាមនៅក្នុងប្រទេសអ៊ុយក្រែន។

ចំណែកប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី និងអ្នកសរសេរប្លុកគាំទ្រយោធារុស្ស៊ី បាននិយាយថា លោក វ៉្លាដឡេន តាតាស្គី កំពុងជួបពិភាក្សាជាមួយមន្ត្រីសាធារណៈ ហើយពេលនោះមានស្ត្រីម្នាក់បានមកជួបគាត់ដែរ ព្រមទាំងជូនប្រអប់កាដូរូបចម្លាក់មួយ ហើយក៏ផ្ទុះនៅពេលនោះតែម្តង។

ក្រុមជាតិ​រុស្ស៊ី​​ ដែលជាអ្នក​រៀបចំ​ពិធីជួបជុំនេះ ​បាន​និយាយ​ថា ​ខ្លួន​បាន​​ប្រុង​ប្រយ័ត្ន​ផ្នែក​សន្តិសុខដែរ ប៉ុន្តែ​បាន​បន្ថែម​ថា «​គួរ​ឲ្យ​សោកស្ដាយ ដែល​ពួកគេ​ប្រុងប្រយ័ត្នមិនបាន​គ្រប់គ្រាន់​»

គណៈកម្មាធិការស៊ើបអង្កេតរបស់រុស្ស៊ី បាននិយាយថា ខ្លួនបានបើកការស៊ើបអង្កេតករណីឃាតកម្ម។ ប៉ុន្តែមិន​​បញ្ជាក់​ថា​តើនរណាអាច​ជា​អ្នក​ទទួល​ខុស​ត្រូវចំពោះការរៀបចំបំផ្ទុះគ្រាប់បែក​នោះ​ទេ។

ចំណែកក្រសួង​មហាផ្ទៃ​រុស្ស៊ីវិញ បាន​និយាយ​ថា មនុស្សទាំងអស់​នៅ​ក្នុងហាង​កាហ្វេ​នោះ​ ត្រូវតែហៅមកស៊ើបសួរ ដើម្បីស្វែងរកអ្នក​ពាក់ព័ន្ធ ដែលយ៉ាងហោចណាស់នៅពេលផ្ទុះនោះមនុស្ស១០០នាក់ កំពុងតែនៅក្នុង និងនៅជុំវិញហាងកាហ្វេសម្រាប់ពិធីរៀបចំដោយក្រុមរណសិរ្យចលនាអក្សរ ហ្សេត នៅលើបណ្តាញអ៊ីនធឺណិត "Cyber ​​Front Z Movement" ដែលលោក វ៉្លាដឡេន តាតាស្គី កំពុងតែនិយាយក្នុងនាមក្រុមនេះ ដើម្បីគាំទ្រយោធារុស្ស៊ី។

នៅកន្លែងហាងកាហ្វេនេះ​ គឺស្ថិតក្នុងតំបន់ពេញនិយម និងមមាញឹកជាងគេក្នុងទីក្រុង សេន ភីធើស្ប៊ើក ដែលត្រូវបានគេស្គាល់ថា ជាប្លុកសម្រាប់និស្សិតនៅមហាវិទ្យាល័យ ហើយវេលាម៉ោង៥ល្ងាច គឺជាពេលចាប់ផ្តើមពិធី។

តាមមន្រ្តីស៊ើបអង្កេត នៅទីក្រុង សេន ភីធើស្ប៊ើក ពួកគេកំពុងស្វែងរកស្ត្រីម្ចាស់កាដូ ដើម្បីសួរនាងឲ្យច្បាស់ថា កាដូមានប្រភពមកពីទីណា។

លោកវ៉្លាដឡេនតាតាស្គីបានដាក់របាយការណ៍ជាទៀងទាត់ពីអ៊ុយក្រែគាត់បានឈ្នះការប្រឹងប្រែងធ្វើសង្គ្រាមរបស់រុស្ស៊ីខណៈពេលដែលគាត់តែងតែរិះគន់ការបរាជ័យរបស់កងទ័ពកំពូលលង្ហិន។

បន្ទាប់ពីរុស្ស៊ី បានប្រកាសដាក់តំបន់ចំនួនបួននៃអ៊ុយក្រែន កាលពីឆ្នាំមុន លោក វ៉្លាដឡេន តាតាស្គី បានបង្ហោះឃ្លីបវីដេអូដោយនិយាយស្បថថា «វាត្រូវតែអ៊ីចឹថ។ យើង​នឹង​កម្ចាត់​ចោលទាំងអស់។ សម្លាប់​ឲ្យអស់។ បើ​យើង​ត្រូវ​ការ យើងត្រូវប្លន់ទាំងអស់។ យើងចូលចិត្តធ្វើអ៊ីចឹង។ សូមព្រះ​ជួយថែរក្សា​អ្នក»

ក្រសួងការបរទេសរបស់ប្រទេសរុស្ស៊ី បានសម្តែងការគោរពកោតសរសើរដល់លោក លោក វ៉្លាដឡេន តាតាស្គី ដែលបានរិះគន់រដ្ឋាភិបាលលោកខាងលិចថា បរាជ័យ មិនហ៊ានប្រតិកម្មចំពោះសង្គ្រាមនៅអ៊ុយក្រែន។

ចាប់តាំងពីសង្គ្រាមនៅអ៊ុយក្រែន បានផ្ទុះឡើងនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ភ្លើងឆេះ ការផ្ទុះ និងការធ្វើឃាត បានកើតឡើងនៅក្នុងប្រទេសរុស្ស៊ី។

មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់របស់អ៊ុយក្រែន បានប៉ាន់ស្មានថា ការប្រឆាំងផ្ទៃក្នុងរបស់រុស្ស៊ី ចំពោះការឈ្លានពានរបស់វិមានក្រឹមឡាំងលើទឹកដីអ៊ុយក្រែន គឺនៅពីក្រោយការផ្ទុះនេះ។

ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន បាននិយាយថា «ដល់ពេលសត្វពីងពាងកំពុងស៊ីគ្នាឯងនៅក្នុងពាងហើយ។ តើនៅពេលណា ទើបអំពើភេរវកម្មក្នុងប្រទេសរុស្ស៊ីនឹងក្លាយជាឧបករណ៍នៃការប្រយុទ្ធគ្នានយោបាយផ្ទៃក្នុង»

Tags

Comment