ខេត្តកំពង់ស្ពឺ៖ ស្ត្រីវ័យក្មេងនិងកូនតូចអាយុ១ខួបបានស្លាប់ភ្លាមៗ ដោយសារតែយុវជនម្នាក់ទាញកាំបិតកាប់សន្ធប់ ខណៈដែលស្ត្រីរងគ្រោះនិងកូនតូចនៅក្នុងផ្ទះ រឿងគំនុំនិងឥទ្ធិពលគ្រឿងញៀននៅក្នុងខ្លួនយុវជនដៃដល់ផង។
ករណីនេះបានភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣នៅចំណុច ក្នុងភូមិត្រពាំងឈូក ឃុំកក់ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
តាមការឱ្យដឹងពីមន្ត្រីនគរបាលស្រុកបសេដ្ឋថា ជនរងគ្រោះមានឈ្មោះ ឈៀវ សុខគឿន ភេទស្រី អាយុ២៤ឆ្នាំ និងកូនស្រី អាយុ០១ខួបរស់នៅក្នុងភូមិ ឃុំ កើតហេតុខាងលើ។
មន្ត្រីនគរបាលស្រុកបសេដ្ឋបាននិយាយឱ្យដឹងទៀតថាជនរងគ្រោះទាំងពីរនាក់ម្តាយកូន ត្រូវបានជនល្មើសធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះទាំងពីរ បណ្តាលឱ្យស្លាប់នៅហ្នឹងកន្លែងតែម្តង ក្រោយបង្កហេតុរួចជនដៃដល់បានរត់គេខ្លួនបាត់ស្រមោល។
មន្ត្រីនគរបាលស្រុកបសេដ្ឋបានបន្តទៀតថា បើតាមការស្រាវជ្រាវបឋម ជនដៃដល់កាប់សម្លាប់ស្ត្រីវ័យក្មេងនិងកូនតូចនោះ ត្រូវជាបងប្អូនជីដូនមួយ។
មូលហេតុដែលឈានទៅដល់ដាច់ចិត្តកាប់សម្លាប់ជនរងគ្រោះនោះគឺ រឿងគំនុំ ហើយជនសង្ស័យជាមនុស្សប្រើប្រាស់ថ្នាំញៀនថែមទៀតផង ហើយឥទ្ធិពលគ្រឿងញៀនធ្វើទុកផងក៏មិនដឹងទើបកើតមានរឿងនេះកើតឡើង។ករណីខាងលើនេះ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ កំពុងប្រតិបត្តិការតាមចាប់ជនដៃដល់ ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់
Comment