• Today: November 21, 2024

នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ភ្នំពេញ ៖ នារសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ម្សិលមុិញ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអនុញ្ញាតឱ្យ Dominic Williams ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួសម និង ពិភាក្សាការងារ នៅទីបញ្ជាការកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ។

នៅក្នុងជំនួបនេះ លោក ឯកអគ្គរាជទូត បានលើកឡើងអំពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរចក្រភពអង់គ្លេស-កម្ពុជា ជាពិសេសក្នុងវិស័យពាណិជ្ជកម្មទេសចរណ៍អប់រំ និងការបោសម្អាតមីន ហើយឆ្នាំ២០២៣ ប្រទេសទាំងពីរក៏គ្រោងរៀបចំព្រឹត្តិការណ៍មួយចំនួន ដើម្បីអបអរសាទរខួបលើកទី ៧០ឆ្នាំនៃចំណងការទូតផងដែរ។ ដោយទ្បែក ចំពោះវិស័យការពារជាតិវិញ លោក ឯកអគ្គរាជទូត បានបង្ហាញនូវការប្តេជ្ញាចិត្តក្នុងការបន្តនូវកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងចំណងមិត្តភាព និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរឱ្យកាន់តែសកម្ម ដូចដែលស្តែងឡើងតាមរយៈការចាប់ផ្តើមចូលចតនាវារបស់កងទ័ពជើងទឹកចក្រភពអង់គ្លេស កាលពីខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។

ជាការឆ្លើយតប នាយឧត្តមសេនីយ៍ មេបញ្ជាការកងទ័ពជើងគោក បានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ ជាពិសេសការចូលរួមរបស់ចក្រភពអង់គ្លេសនៅក្នុងដំណើរការសន្តិភាព និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ដូចជាតាមរយៈការបន្តផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ GSP ជាដើម។ ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ក៏បានលើកឡើងផងដែរអំពីសក្តានុពលនៃកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យជាច្រើន រួមមាន៖ វិស័យយោធាវិស័យសុខាភិបាល និងការភ្ជាប់ជើងហោះហើរត្រង់មកកម្ពុជា សំដៅធ្វើយ៉ាងណាជំរុញការភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធរវាងប្រទេស និងប្រជាជនទាំងពីរបន្ថែមទៀត។

ជាចុងក្រោយ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលនៃចក្រភពអង់គ្លេស សម្រាប់ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អ និងសូមគាំទ្រចំពោះទិសដៅទៅមុខរបស់រដ្ឋាភិបាល និងក្រសួងការពារជាតិនៃប្រទេសទាំងពីរក្នុងការជំរុញបន្ថែមទៀតនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ និងការពារជាតិ ដែលជាកិច្ចសហប្រតិបត្តិការបែបយុទ្ធសាស្ត្រដ៏សំខាន់ ៕

Tags

Comment