ខេត្តពោធិ៍សាត់ ៖ ប្រភពរាយការណ៍ពីអ្នកភូមិនៅក្បែរកន្លែងកើតហេតុនាព្រឹកថ្ងៃអាទិត្យ ១៥កើត ខែបឋមាសាឍ ឆ្នាំថោះ ចត្វាស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៣ នេះថា មានការភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយប្រទះឃើញបុរសម្នាក់ធ្វើអត្តឃាត(ចងក)សម្លាប់ខ្លួននៅមែកឈើ១ដើមក្បែរភូមិ ។
ប្រភពព័ត៌មានឱ្យដឹងទៀតថា ហេតុការណ៍ខាងលើបានកើតឡើងនៅត្រង់ចំណុចដើមឈើលើទួលក្បែរភូមិ ស្ថិតនៅភូមិអណ្ដូងក្រសាំង ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។ ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ឆេង ឆាយ ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិ.ឃុំកើតហេតុ ។
ប្រភពបញ្ជាក់ថា ករណីនេះគេឃើញសមត្ថកិច្ចស្ថាប័នជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានសហការចុះពិនិត្យនិងស្រាវជ្រាវជុំវិញកន្លែងកើត ដោយជនរងគ្រោះបានយកខ្សែនីឡុង ពណ៌ខៀវ ប្រវែងប្រមាណ៣ម៉ែត្រ ចងភ្ជាប់ទៅនឹងមែកឈើបណ្ដាលឱ្យស្លាប់។ ជនរងគ្រោះគ្មានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់នោះទេ មូលហេតុ ៖ មានជំងឺប្រចាំកាយ និងសរសៃប្រសាទ។ ក្រោយធ្វើកោសល្យវិច័យចប់ សពត្រូវបានធ្វើកំណត់ហេតុប្រគល់-ទទួលជូនក្រុមគ្រួសារ ៕
Comment