ខេត្តប៉ៃលិន៖ នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម សៅ សារ៉ាត់ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលជំនាញ ស្តីពីការគ្រប់គ្រងជំងឺរាតត្បាត គ្រោះមហន្តរាយ និងការប្រែប្រួលអាកាសធាតុ ដោយអ្នកស្ម័គ្រចិត្ត នៃកម្មវិធី លើកកម្ពស់សកម្មភាពមនុស្សធម៌ និងសុខភាពសហគមន៍ ។
ធីនេះប្រព្រិត្តធ្វើឡើងនៅសាលប្រជុំមន្ទីរសាធារណៈការខេត្តប៉ៃលិន ដោយមានអញ្ជើញចូលរួមពីលោកវេជ្ជបណ្ឌិត អ៊ុយ សំអុន នាយករង នៃនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា និងលោក ហង់ ចាន់សាណា ប្រធានគ្រប់គ្រងកម្មវិធី លើកកម្ពស់សកម្មភាពមនុស្សធម៌ និងសុខភាពសហគមន៍ កាកបាទក្រហមកម្ពុជា និងលោក ឌឹន គឹម នាយកប្រតិបត្តិ សាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន ព្រមទាំងលោក លោកស្រី គ្រូបង្គោល និងក្រុមការងារសម្របសម្រួលមកពីទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា និង លោក លោកស្រី ដែលជាមន្ត្រីកម្មវិធីមកពីសាខាគោលដៅ តាមបណ្តាខេត្តសរុប៣១នាក់ ។ថ្លែងក្នុងឱកាសនោះដែរឯកឧត្តម សៅ សារ៉ាត់ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ សាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន ក្រោមការដឹកនាំ និងចង្អុលបង្ហាញពីលោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធាន តែងតែយកចិត្តទុកដាក់ ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត គ្រប់ទីកន្លែងទូទាំងខេត្តប៉ៃលិន ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើង។ឯកឧត្តមអនុប្រធាន ក៏បានបញ្ជាក់ថាសាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន បានចាប់បដិសន្ធិឡើងតាំងពីឆ្នាំ ១៩៩៨ ដែលគិតមកទល់ពេលនេះ មានអាយុកាល ២៥ឆ្នាំហើយ ។
នៅក្នុងរយៈពេលនេះ សាខា បានខិតខំប្រឹងប្រែងបំពេញតួនាទី ភារកិច្ច ក្នុងបេសកកម្មមនុស្សធម៌ ជួយឧបត្ថម្ភ ដល់ប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាត ឆ្លើយតប ដល់ប្រជាពលរដ្ឋរងគ្រោះ ដោយគ្រោះមហន្តរាយនានា ជាពិសេសនៅក្នុងអំឡុងពេលមានការរីករាលដាលនៃជំងឺកូវីដ-១៩។ ឯកឧត្តម អនុប្រធាន ក៏បានបន្តឲ្យដឹងទៀតថា៖ សាខាបានចូលរួមយ៉ាងសកម្ម ជាមួយរាជរដ្ឋាភិបាល ក្នុងការចុះអប់រំផ្សព្វផ្សាយវិធានការទប់ស្កាត់ និងការពារនៅតាមបណ្តាសហគមន៍ ជាមួយការអនុវត្តការងារលើកកម្ពស់គោលការណ៍គ្រឹះ តម្លៃមនុស្សធម៌ អភិវឌ្ឍស្ថាប័ន និងអភិវឌ្ឍធនធាន ស្របតាមវិស័យស្នូលទាំង៤ របស់កាកបាទក្រហមកម្ពុជា ដោយទទួលបានលទ្ធផលយ៉ាងត្រចះត្រចង់ជារៀងរាល់ឆ្នាំ ហើយអ្វីដែលគួរជាទីមោទនៈទៀតនោះ គឺសាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន បានទទួលការជឿទុកចិត្តនិងជ្រើសរើសជាសាខាគោលដៅ១ ក្នុងចំណោមសាខាទាំង៤ ដែលទទួលបានជំនួយឧបត្ថម្ភ ពីសហគមន៍អឺរ៉ុប និងសហព័ន្ធអន្តរជាតិ អាយ អេស អរ ស៊ី (IFRC) តាមរយៈកាកបាទក្រហមហ្វាំងឡង់ លើកម្មវិធី (លើកកម្ពស់សកម្មភាពមនុស្សធម៌ និងសុខភាពសហគមន៍) ដែលមានរយៈពេល៣ឆ្នាំ គិតចាប់ពីខែឧសភា ឆ្នាំ២០២២ រហូតដល់ ខែមេសា ឆ្នាំ២០២៥ ខាងមុខ ។
ឯកឧត្តម អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ក៏បានធ្វើការផ្តាំផ្ញើ ដល់សិក្ខាកាមទាំងអស់ ឱ្យខិតខំ យកចិត្តទុកដាក់សិក្សារៀនសូត្រក្នុងរយៈពេល៤ថ្ងៃនេះ ដើមី្បទទួល បាននូវចំណេះដឹង និងបទពិសោធន៍ បច្ចេកទេសថ្មីៗ យកទៅធ្វើការផ្សព្វផ្សាយ និង អនុវត្តបន្ត នៅក្នុងមូលដ្ឋានរបស់ខ្លួន ប្រកបទៅដោយប្រសិទ្ធភាពខ្ពស់ផងដែរ។សូមបញ្ជាក់ថា៖ វគ្គបណ្តុះបណ្តាលជំនាញ នាឱកាសនេះ ក៏មានការចូលរួមពីមន្ត្រីកម្មវិធី ដែលអញ្ជើញមកពីសាខា និងអនុសាខាខេត្តគោលដៅចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តត្បូងឃ្មុំ ខេត្តបន្ទាយមានជ័យ និង ខេត្តប៉ៃលិន ផ្ទាល់ ដែលមានរយៈវគ្គបណ្តុះបណ្តាលចំនួន៤ថ្ងៃ គឺចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ ផងដែរ៕
Comment