• Today: November 21, 2024

សមត្ថកិច្ចខេត្តព្រះសីហនុ ប្រតិប្តិការបង្ក្រាប និងចាប់ខ្លួនឧក្រឹដ្ឋជនម្នាក់ ធ្វើសកម្មភាពចាប់ជំរិកជនរងគ្រោះជាជនជាតិដូចគ្នា

ព្រះសីហនុ៖ កម្លាំងសមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ បានប្រតិបត្តិការចុះបង្ក្រាបករណីជនជាតិចិនចាប់ជនជាតិចិនដូចគ្នា ចូលក្នុងរថយន្តជំរិតទារប្រាក់ ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនិតិវិធី។

យោងតាមរបាយការណ៍ របស់ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ២១និង០០នាទី កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានទទួលពត៌មានថា មានជនសង្ស័យមួយក្រុមជិះរថយន្ត ចំនួន ០៣គ្រឿង បានធ្វើសកម្មភាពចាប់បុរសជនជាតិចិន ០១នាក់ ចេញពីផ្ទះវីឡាមួយកន្លែង ស្ថិតនៅ ភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។

បន្ទាប់ទទួលបានព័ត៌មាននេះភ្លាម មន្ត្រីជំនាញផ្នែកនគរបាលព្រហ្មទណ្ឌ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់ម៉ោង ២២និង៣០នាទី ជនរងគ្រោះត្រូវបានក្រុមជនសង្ស័យដោះលែងមកវិញ ដោយជនរងគ្រោះរងរបួសស្នាមបន្តិចបន្តួច និងកំពុងព្យាបាលនៅមន្ទីពេទ្យ “ថៃ ខាង” ទើបកម្លាំងសមត្ថកិច្ចបានទៅជួបជនរងគ្រោះ ដើម្បីសាកសួរព័ត៌មានលម្អិត អំពីដំណើររឿងហេតុករណីចាប់ជំរិតនេះ។

ជនរងគ្រោះបានរៀបរាប់ឲ្យសមត្ថកិច្ចដឹងថា “រូបគាត់ត្រូវបានក្រុមជនសង្ស័យចាប់ដាក់ចូលក្នុងរថយន្ត  និងដកហូតយកទូរសព្ទដៃរបស់គាត់ ចំនួន ០២គ្រឿង និងបានវេលុយចេញពីគណនីធនាគារ របស់គាត់ រួចនាំយកទៅផ្ទះវីឡាមួយកន្លែង នៅម្តុំអូរ២ ស្ថិតនៅភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ មួយសន្ទុះបាននាំចេញទៅអគារមួយកន្លែង នៅក្រោយសណ្ឋាគារ “ណាន ហៃ” ស្ថិតនៅភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ និងបានបង្ខាំងគាត់ទុកក្នុងបន្ទប់មួយហើយពួកវាធ្វើសកម្មភាពវាយដំ ដោយប្រើដំបងឆក់ រហូតដល់ម៉ោងប្រហែល ១០យប់ ទើបក្រុមជនសង្ស័យដោះលែងរូបគាត់ ដោយដឹករូបគាត់មកដាក់ចោល នៅតាមផ្លូវនៅជិតកាស៊ីណូ “តាស៊ីកាង” ស្ថិតនៅភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ”។ 

ក្រោយពីសាកសួរជនរងគ្រោះរួចេកម្លាំងសមត្ថកិច្ចជំនាញ បានចុះទៅធ្វើការត្រួតពិនិត្យ នៅផ្ទះវីឡាម្តុំអូរ២ នៅក្នុងផ្ទះមិនមានមនុស្សនោះទេ ស្រាប់តែមានបុរសជនជាតិចិន ០១នាក់ បានបើករថយន្ត ០១គ្រឿង ម៉ាក ALPHARD ពណ៌ខ្មៅ ពាក់ស្លាល លេខ 2BW-1986 មកដល់ដោយបុរសជនជាតិចិននោះក៏ស្នាក់នៅបន្ទប់បរិវេណផ្ទះវីឡានោះដែរ បន្ទាប់ពីបានចូលត្រួតពិនិត្យកម្លាំងសមត្ថកិច្ច បានរកឃើញ ជញ្ជីងថ្លឹង ០២គ្រឿង និងថង់សម្រាប់វេចខ្ចប់ថ្នាំញៀនមួយចំនួន សង្ស័យសម្រាប់ថ្លឹង និងវេចខ្ចប់សារធាតុញៀន ទើបឃាត់ខ្លួននាំយកមកធ្វើការសាកសួរ និងបន្តការងារតាមនីតិវិធី ៕

Tags

Comment