កំពង់ស្ពឺ៖ ដីព្រៃឈើរបស់រដ្ឋរាប់ហិកតា ស្ថិតតំបន់ច្រកអេក ក្នុងភូមិស្រែកិន ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលជាតំបន់ដែនជំរកសត្វព្រៃភ្នំឱរ៉ាល់-កំពង់ស្ពឺ បានរងការរុករាន ទន្ទ្រានកាន់កាប់ ឈូសឆាយ រំលោភយកធ្វើជាកម្មសិទ្ធដោយខុសច្បាប់ពីសំណាក់អ្នកលុយ និងមានឥទ្ធិពលមួយចំនួន។
តាមប្រភពព័ត៌មានគួរឱ្យទុកចិត្តបានបង្ហើបឱ្យដឹងថា ដីដែលកំពុងឈូសឆាយនោះជារបស់ឧកញ៉ាៗនៅភ្នមពេញ និងជួលគ្រឿងចក្រឈូសឆាយសម្អាតព្រៃឈើក្នុងតម្លៃចាប់ពី៤០០ទៅ៥០០ដុល្លារ ក្នុង១ហិកតា ដោយក្រុមឈ្មួញធ្វើការទំនាក់ទំនងប្រាប់មន្ត្រីអនុរក្សបរិស្ថានដែលគ្រប់គ្រងដែនជំរកសត្វព្រៃភ្នំឱរ៉ាល-កំពង់ស្ពឺ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់។ ប្រភពន្តទៀតថា គេមិនអាចចេះតែធ្វើការឈូសឆាយស្រួលៗទេទាក់ទងប្រាប់ទៅអស់លោកមន្ត្រីបរិស្ថានក្នុងតំបន់ការពារដែនជំរកសត្វព្រៃឱរ៉ាល់ ទើបឈូសបានបើពេលមានថ្នាក់លើចុះពួកមន្ត្រីទាំងនោះប្រាប់ដំណឹងមុនឱផ្អាកសកម្មភាព និងយកគ្រឿងចក្រលាក់ទុក និងបង្វៀងមិនឱ្យទៅតំបន់ដែនមានការរុករាន ទន្ទ្រាន ឈូសឆាយយកធ្វើកម្មសិទ្ធនោះទេ។
សកម្មជនការពារបរិស្ថាន លោត តាន់ គឹមសួរ បានបង្ហោះសារដ៏ក្តុកក្តួលថា «ស្លុតចិត្ត បើមិនហិកហោចទេ ទើបជារឿងចម្លែក» ការបង្ហាញនូវក្តីបារម្ភបែបនេះ បន្ទាប់ពីក្រុមសកម្មជន ការពារព្រៃឈើ និងស្រឡាញ់បរិស្ថានធម្មជាតិ ប្រះទះឃើញរូបភាពនៃការឈូសឆាយរំលោកភយកដីព្រៃឈើរបស់រដ្ឋ ក្នុងដែនជំរកសត្វព្រៃភ្នំឱរ៉ាល-កំពង់ស្ពឺ ស្ថិតត្រង់ចំណុចច្រកអេក ជើងភ្នំឱរ៉ាល់ ក្នុងភូមិស្រែកិន ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
លោក តាន់ គឹមសួរ ដែលយុវជនការពារព្រៃឈើ និងមានគម្រោស្តារព្រៃឈើឡើងវិញ ក្នុងតំបន់អភិរក្សសត្វព្រៃភ្នំឱរ៉ាល់ សម្តែងការហូសស្លុតចិត្តពិតត្រូវហើយដែលប្រជាជនដៀលថា «ធ្វើបានតែជាមួយប្រជាជនតូចតាច ជាមួយធំ អ្ននមានលុយ អ្នកមានអំណាចឈូសឆាយ ទន្ទ្រានដីព្រៃ តាន់ គឹមសួរមិនដែលហ៊ានក្អកទេ» ឥលូវក្អកហើយមិនដឹងយ៉ាងម៉េចយ៉ាងម៉ាទេ ម៉េចៗជួយធ្វើបុណ្យឲ្យផង»។
សកម្មជនព្រៃឈើរូបនេះ បានបញ្ជាក់ថា ក្រោយពីចុះបំពេញបេសកកម្មចុះពិនិត្យ និងល្បាតព្រៃជាមួយបងៗមន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃ ជាលទ្ធផលពួកយើងប្រទះឃើញដីព្រៃរាប់រយរាប់ពាន់ហិកតាដែលស្ថិតនៅទីតាំងច្រកអេក ភូមិស្រែកិន ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលមាននិយាមការលេខ 11.98433 , 104.11819 ត្រូវបានអ្នកមានលុយ មានអំណាច (បើមិនមានលុយ គឺមិនអាចយកគ្រឿងចក្រមកឈូសមកឆាយបែបនេះទេ បើមិនមានអំណាច គឺមិនហ៊ានមកធ្វើទាំងបំពានបែបនេះដែរ) រំលោភបំពានយ៉ាងអនាធិបតេយ្យជាទីបំផុត ពួកអស់លោកទាំងនេះហាក់មិនមានការខ្លាចរអានឹងច្បាប់អ្វីបន្តិចទាល់តែសោះ។
លោក តាន់ គឹមសួរ មានចោទជាសំណួរថា ខ្ញុំចង់សួរថាដីព្រៃទាំងអស់នេះ គឺជាដីព្រៃរបស់ម៉ែឪអស់លោកឯងទុកឲ្យមែនទេ បានជាខំព្រហើនបំពានសម្បើមម្ល៉េស? សូមលោកប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ជាពិសេសឯកឧត្ដមអភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ វ៉ី សំណាង មេត្តាជួយពិនិត្យបញ្ហានេះផង ហើយចាប់ជនបង្កទាំងអស់នេះយកទៅដាក់ទោសតាមផ្លូវច្បាប់ឲ្យខានតែបាន បើមិនដូច្នោះទេ វាហាក់ដូចជារឿងមួយមិនស្មើភាពទេសម្រាប់ប្រជាជនស្លូតត្រង់នៅតំបន់នោះ។
លោក ហ៊ុល ម៉ារ៉ា នាយកដែនជំរកសត្វព្រៃភ្នំឱរ៉ាល់-កំពង់ស្ពឺ នៅរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ នេះ បានប្រាប់ឱ្យដឹងថា «ករណីនេះលោកប្រហែលបានពីលោកតាន់គឹមសួរចុះទៅជាមួយមន្ត្រីរបស់ខ្ញុំកាលពីថ្ងៃទី២២ មិនា ឆ្នាំ ២០២៣»។ លោក ហ៊ុន ម៉ារ៉ា បានបញ្ជាក់ទៀតថា «ចំពោះការកាប់រុករានទន្ទ្រានដីនៅតំបន់នោះខ្ញុំបានដឹងច្បាស់ណាស់ ហើយក៏បានស្នើទៅរដ្ឋបាលខេត្តធ្វើការដកហូតមកជាសម្បត្តិរដ្ឋរួចរាល់ហើយដែរ»។
លោក ហ៊ុន ម៉ារ៉ា នាយកដែនជំរកសត្វព្រៃភ្នំឱរ៉ាល់-កំពង់ស្ពឺ បានបញ្ចាក់ថា «ចំពោះការលើកឡើងរបស់លោក តាន់ គឹមសួរ ជារឿងរបស់គាត់»លោកនាយកបញ្ជាក់ថា «ដោយសារខ្ញុំទើបឡើងមកគ្រប់គ្រងឃើញចឹងហើយបានខ្ញុំស្នើសុំទៅរដ្ឋបាលខេត្តធ្វើដីការដកហូតមកជាសម្បត្តិរដ្ឋវិញ។ ក្នុងការគ្រប់គ្រងរបស់ខ្ញុំ ខ្ញុំបានធ្វើការដកហូតដីមកជាសម្បត្តិរដ្ឋវិញជិត១ម៉ឺនហិកតា និងគ្រឿងចក្ររាប់មិនអស់ដែលកុំពុងជាប់បន្តឹងនៅតុលាការទាំងដី និងគ្រឿងចក្រ »។
លោក ហ៊ុន ម៉ារ៉ា នាយកដែនជំរកសត្វព្រៃភ្នំឱរ៉ាល់ បានបញ្ជាក់ចុងក្រោយថា «លោកអាចសួរបន្ថែមទៅមន្ទីរបរិស្ថានខេត្តទៀតបាន»។ ពាក់ព័ន្ធករណីខាងលើនេះ មិនអាចសុំការបំភ្លឺបន្ថែមពីលោក ឱម ម៉ាក់ធារី ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺបាននោះទេ៕
Comment