• Today: December 03, 2024

ករណីបង្ហោះ facebook ល្បីថាមានសត្វក្រពើខាំបុរសម្នាក់ នៅអន្លង់ឈើទាលព្រះរំកិល ខេត្តស្ទឹងត្រែង ការពិតជាករណីសត្វបបែលចុកសោះ


ស្ទឹងត្រែង៖ កាលពីពេលថ្មីនេះ មានករណីបង្ហោះលើបណ្តាញសង្គម facebook ថាមានករណីសត្វក្រពើខាំបុរសម្នាក់ ខណៈពេលចុះងូតទឹកទន្លេ ចំណុចអន្លុងផ្សោត បង្កឲ្យភ្ញៀវទេសចរណ៍ និងប្រជាពលរដ្ឋ មានការភ័យខ្លាចយ៉ាងខ្លាំង ទើបភ្ញាក់ផ្អើលដល់អាជ្ញាធរឃុំ ស្រុកចុះស្រាវជ្រាវរឿងហេតុនេះភ្លាមៗ ដើម្បីស្វែងរកការពិត។


   ក្រោយពីការបង្ហោះ facebook នូវព័ត៌មានខាងលើនេះ អាជ្ញាធរស្រុកបុរីអូរស្វាយសែនជ័យ បានធ្វើការស្រាវជ្រាវ និងរកឃើញថា អ្នករងរបួសនោះឈ្មោះ វណ្ណ សារ៉ាន់ រស់នៅភូមិអន្លុងឈើទាល ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ពេលចុះទៅងូតទឹកជាន់ទៅលើបបែល ០១ក្បាល មានទម្ងន់ប្រមាណជាង ១០គីឡូក្រាម ដែលអ្នកនេសាទបានយកមកចងទុកនៅកំពុងទឹក ខណៈចុះងូតទឹកប៉ះសត្វបបែលដែលចងទុកនោះចុកជើងឲ្យរបួសមិនមែនសត្វក្រពើខាំនោះទេ។ 
   ដោយឡែកម្ចាស់គណីនីហ្វេសប៊ុកឈ្មោះ Lorn Thorngsay ដែលបានសរសេរថា «មានករណីក្រពើខាំប្អូនប្រុសម្នាក់នៅអន្លង់ឈើទាលព្រះរំកិល សូមបងប្អូនកូនក្មួយយើងប្រុងប្រយ័ត្នផងកុំអោយចុះទៅលេង ទឹកទន្លេ ក្រពើមកដល់អន្លង់ផ្សោតហើយ» គឺមានឈ្មោះ ឡន ថងសៃ បានយកព័ត៌មាននេះ មកបង្ហោះបង្កើតរឿងធ្វើឱ្យប៉ះពាល់ដល់ភាពអសន្តិសុខសង្គម និងបង្កឲ្យមានការភ័ន្តច្រឡំដល់មហាជន ជាពិសេសប៉ះពាល់ដល់ភ្ញៀវទេសចរណ៍ដែលមកកំសាន្តលេងអន្លុងផ្សោតតែម្តង។ 
   អាជ្ញាធរស្រុកបុរីអូរស្វាយសែនជ័យ បានឲ្យដឹងថា  ហេតុការណ៍សត្វបបែលចាក់ឲ្យរបួសរួចមានគណនីហ្វេសប៊ុកឈ្មោះ Lorn Thorngsay បង្ហោះព័ត៌មានបំភ្លៃការពិតទៅជាសត្វក្រពើខាំមនុស្សនេះ បានកើតឡើងកាលពីថ្ងៃទី០៧ ខែកក្ដដា ឆ្នាំ២០២៣ កន្លងទៅ នៅភូមិព្រះរំកិល ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។
   លោក លី មីណា អភិបាលស្រុកបុរីអូរស្វាយសែនជ័យបន្ទាប់ឃើញព័ត៌មាននេះភ្លាម បានបញ្ជាឱ្យលោកមេឃុំទៅសួនាំបន្ថែមឈ្មោះ ឡន ថងសៃ ជុំវិញរឿងនេះ ថា គាត់ពិតជាម្ចាស់គណនីហ្វេសប៊ុក នេះមែនប្រាកដមែន និងបានយករឿងនេះមកប្រឌិតបង្ហោះថា មានក្រពើខាំប្អូនប្រុសម្នាក់នៅអន្លុងឈើទាលព្រះរំកិលសូមបងប្អូនកូនក្មួយយើងប្រុងប្រយ័ត្នផងកុំឱ្យចុះលេងទឹកទន្លេក្រពើមកដល់អន្លុងផ្សោតហើយ ក្នុងគោលបំណងបន្លាចក្មេងកុំឱ្យចុះលេងទឹក។
   លោកអភិបាលស្រុកបានចាត់ទុកករណីបង្ហោះព័ត៌មានបែបនេះ គឺរឿងបំពុលសង្គមទៅវិញទេ។ ករណីបែបនេះសំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលលេងបណ្តាញសង្គម មុនបង្ហោះព័ត៌មានរឿងអ្វីមួយត្រូវគិតផលប៉ះពាល់សង្គមជាតិជាពិសេសរឿងក្រពើខាំមនុស្សនេះបង្កផលប៉ះពាល់ទៅលើតំបន់ទេសចរណ៍ ដែលប្រជាសហគមកំពុងអាស្រ័យផលដោយប្រយោលនេះ និងធ្វើឱ្យភ្ញៀវទេសចរខ្លាចលែងហ៊ានមកជិះទូកលេងហើយយើងនឹងបាត់បង់ប្រាក់ចំណូលរបស់ខ្លួនតែប៉ុណ្ណោះ។ 
   ក្រោយពេលស្រាវជ្រាវដឹងការពិតម្ចាស់គណនីហ្វេសប៊ុកខាងលើ ត្រូវបានអាជ្ញាធរធ្វើការណែនាំ អប់រំ លប់នូវព័ត៌មានបំពុលសង្គមនោះ និងសុំទោសជាសាធារណៈផងដែរ៕

Tags

Comment