• Today: November 21, 2024

អភិបាលខេត្តស្វាយរៀង ក្រើនរំលឹកមន្ត្រីសុខាភិបាលត្រូវគោរពក្រមសីលធម៌វិជ្ជាជីវៈ និងខិតខំកែលម្អគុណភាពសេវា ដោយមានបែងចែកវេនប្រចាំការ ២៤ម៉ោង លើ២៤ម៉ោង


(ស្វាយរៀង)៖ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានក្រើនរំលឹកដល់មន្ត្រីសុខាភិបាលទាំងអស់ ត្រូវតែគោរពក្រមសីលធម៌វិជ្ជាជីវៈ និងខិតខំកែលម្អគុណភាពសេវា ដោយមានបែងចែកវេនប្រចាំការ ២៤ម៉ោង លើ២៤ម៉ោង។


   ការក្រើនរំលឹកបែបនេះរបស់ឯកឧត្តម អភិបាលខេត្តស្វាយរៀង បានធ្វើឡើងនៅក្នុងពិធីប្រគល់បណ្ណសរសើររបស់រាជរដ្ឋាភិបាលកម្ពុជា ជូនថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាល នៃរដ្ឋបាលខេត្ត ដែលបានរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅសាលប្រជុំធំ អគារ «ឃ» សាលាខេត្ត នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣។ ពិធីនេះក៏មានការចូលរួមពីលោកអភិបាលរងខេត្តនិងលោកវេជ្ជបណ្ឌិត គុជ ស៊ីថា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង និងលោក លោកស្រីជាអនុប្រធានមន្ទីរ ព្រមទាំងមន្ត្រីសុខាភិបាលប្រមាណ ៥៦០នាក់។
   បន្ថែមលើសពីនេះ ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា ការសម្រេចរបស់រាជរដ្ឋាភិបាលក្នុងការផ្ដល់បណ្ណសរសើរជូនមន្ត្រីសុខាភិបាល នាឱកាសនេះ គឺពិតជាសរបញ្ជាក់ឱ្យឃើញពីការគិតគូរយកចិត្តទុកដាក់ខ្ពស់ចំពោះលោក លោកស្រី ជាក្រុមគ្រូពេទ្យ និងមន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំបំពេញការងារប្រកបដោយគុណតម្លៃ និងស្នាដៃល្អប្រសើរជូនជាតិមាតុភូមិ ជាពិសេសនៅក្នុងកិច្ចការប្រតិបត្តិការប្រយុទ្ធប្រឆាំងទៅនឹងជំងឺឆ្លងរាតត្បាតកូវីដ១៩។

   លោក ម៉ែន វិបុល បានបន្តថា៖ «យើងពិតជាមានភ័ព្វសំណាងណាស់ ដែលប្រទេសជាតិយើងក្រោមការដឹកនាំប្រកបដោយគតិណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ក្នុងនាមជាមេបញ្ជាការកំពូល សម្ដេច លោកបានដាក់ចេញនូវផែនការ និងយុទ្ធសាស្ត្រប្រកបដោយស្មារតីបុរេសកម្ម ឈ្លាសវៃ បត់បែន ច្បាស់លាស់ ជាពិសេសការសម្រេចចិត្តដ៏ត្រឹមត្រូវ ដាច់ណាត់ និងទាន់ពេលវេលា ក្នុងការស្វះស្វែងរកវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ធ្វើឱ្យការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ បានទទួលជោគជ័យគួរជាទីមោទនៈ។
   ឯកឧត្តម ម៉ែន វិបុល បានផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកសុខាភិបាលទាំងអស់នូវកិច្ចការសំខាន់ៗមួយចំនួនដូចខាងក្រោម៖


*១៖ ត្រូវលើកកម្ពស់ស្មារតីទទួលខុសត្រូវ និងម៉ឺងម៉ាត់ក្នុងការងារ ជាពិសេសគឺការគោរពម៉ោងពេលបម្រើការងារនៅតាមបណ្ដាមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព ជាមួយនិងការយកចិត្តទុកដាក់ខ្ពស់ថែរក្សាបរិស្ថានអនាម័យឱ្យបានស្អាតល្អទាំងនៅក្នុង និងក្រៅបរិវេណមន្ទីរពេទ្យ។
*២៖ សំណូមពរដល់ក្រុមគ្រូពេទ្យយើងទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌គ្រូពេទ្យដោយត្រូវប្រើឥរិយាបទ និងពាក្យសំដីឱ្យបានសមរម្យ និងមិនត្រូវរើសអើងជាមួយប្រជាពលរដ្ឋ និងអ្នកជំងឺ ដែលមកទទួលសេវានៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យរដ្ឋជាដាច់ខាត។

*៣៖ ត្រូវបន្តខិតខំលុបបំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលខុសច្បាប់ ជាពិសេសអ្នករកស៊ីដើរចាក់ថ្នាំគ្មានសញ្ញាបត្រ និងគ្មានច្បាប់អនុញ្ញាត ដែលជាមូលហេតុអាចបង្កឱ្យមានផលប៉ះពាល់ដល់សុខភាព និងឈានទៅដល់ប៉ះពាល់ដល់អាយុជីវិតរបស់ប្រជាពលរដ្ឋ។

*៤៖ ត្រូវយកចិត្តទុកដាក់ខ្ពស់ពង្រឹងការអនុវត្តការផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋឱ្យបានល្អ ជាពិសេសក្នុងការអនុវត្តគោលនយោបាយគាំពារសង្គមផ្សេងៗ ជូនមន្ត្រីរាជការ ប្រជាពលរដ្ឋ និងកម្មករ កម្មការិនី ឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព តួយ៉ាងកម្មវិធីមូលនិធិសមធម៌សម្រាប់ប្រជាពលរដ្ឋក្រីក្រ និងការប្រើប្រាស់បណ្ណបេឡាជាតិរបបសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការ និងកម្មករ កម្មការិនីជាដើម។

*៥៖ ត្រូវខិតខំ និងយកចិត្តទុកដាក់ពង្រឹងបន្ថែមនូវសមត្ថភាពជំនាញដល់មន្ត្រីសុខាភិបាល ទាំងសមត្ថភាពជំនាញធ្វើរោគវិនិច្ឆ័យ ព្យាបាល និងថែទាំ តាមរយៈការបណ្តុះបណ្តាលបឋមមុនពេលចូលបម្រើការងារ និងធ្វើវិក្រឹត្យការបន្ថែមនៅពេលបម្រើការងារ ជាពិសេសការពង្រឹងធនធានមនុស្សនៅថ្នាក់មណ្ឌលសុខភាព ដែលជាកម្រិតមួយនៅគៀកនឹងប្រជាពលរដ្ឋជាងគេ។

*៦៖ ត្រូវរៀបចំផែនការពង្រាយបុគ្គលិក និងមានយន្តការលើកទឹកចិត្តជូនដល់បុគ្គលិកសុខាភិបាល ជាពិសេសនៅតាមទីជនបទដាច់ស្រយាល ដើម្បីធានាថាធនធានមនុស្សគ្រប់កម្រិតបច្ចេកទេស សម្រាប់បម្រើវិស័យសុខាភិបាលក្នុងខេត្ត ប្រកបដោយប្រសិទ្ធភាពមាននៅគ្រប់លំដាប់បណ្តាញសុខាភិបាល ទាំងទីប្រជុំជន និងជនបទ។

*៧៖ ត្រូវបន្តយកចិត្តទុកដាក់ការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញជូនប្រជាពលរដ្ឋនៅមូលដ្ឋានផងដែរ៕

Tags

Comment