ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន រំឭកថា «សម្តេចតែងតែប្រាប់ទៅបរទេសទាំងឡាយ ដែលតាំងខ្លួនជាប្រទេសប្រជាធិបតេយ្យ ប៉ុន្តែអស់លោកគាំទ្ររដ្ឋប្រហារយោធាទម្លាក់សម្តេចព្រះនរោត្តមសីហនុ និងគាំទ្ររបបរខ្មែរក្រហមនៅអង្គការសហប្រជាតិ»។ សម្តេចតេជោបន្ថែមទៀតថា «ដូច្នេះសូមកុំសាងកំហុសទី៣ សម្រាប់កម្ពុជា ក្នុងនោះកំហុសទី១- អស់លោកតាំងខ្លួនជាប្រទេសប្រជាធិបតេយ្យហេតុអ្វីបានគាំទ្ររដ្ឋប្រហារយោធាទម្លាក់សម្តេចព្រះនរោត្តមសីហនុ ទី២- បានគាំទ្រក្រុមខ្មែរក្រហមនៅអង្គការសហប្រជាជាតិ»។
សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ ក្នុងពិធីប្រគល់សញ្ញាបត្រជូនគរុសិស្ស គរុនិស្សិត និស្សិត និងបុគ្គលិកអប់រំវិទ្យាស្ថាន NIE ជាង ២ពាន់នាក់ នៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃអង្គារ ៦កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ នេះ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «សូម្បីពួកគេប្រើពាក្យថា ខ្ញុំសោកស្តាយដោយបានគាំទ្ររដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តមសីហនុ ឬសោកស្តាយដែលបានគាំទ្ររបបខ្មែរក្រហម នៅអង្គការសហប្រជាជាតិ មិនទាំងហ៊ាននិយាយផង»៕
Comment