• Today: November 21, 2024

សាលាដំបូងខេត្តមណ្ឌលគិរីសម្រេចឃុំខ្លួនស្ត្រីជាប្រពន្ធចុងដែលនាំបក្សពួកទៅគាស់ផ្ទះប្រពន្ធដើម

 

ខេត្តមណ្ឌលគិរី ៖ កាលពីល្ងាចថ្ងៃទី៣០ កក្កដា ២០២៣ តុលាការខេត្តមណ្ឌលគិរី បានសម្រេចឃុំខ្លួនជាបណ្តោះ អាសន្នដាក់ពន្ធនាគារខេត្ត លើស្ត្រីម្នាក់ដែលជាប្រពន្ធចុង ដែលបាននាំគ្នីគ្នាបក្ខពួកទៅគាស់ជញ្ជាំងផ្ទះប្រពន្ធដើម ប្រមូលយកឈើ ហើយត្រូវជាប់ចោទពីបទ លួចមានស្ថានទម្ងន់ទោស ដែលប្រព្រឹត្តនៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ។
ប្រភពព័ត៌មានបានឲ្យដឹងថា ករណីខាងលើមានដើម ចមមុនដំបូង ដោយស្ត្រីជនសង្ស័យឈ្មោះ គាំ ច័ន្ទណា ត្រូវជាប្រពន្ធចុងរបស់បុរសឈ្មោះ សក្តិ កាក់ បានប្តឹងប្តីរបស់ខ្លួនឲ្យជាប់ពន្ធនាគារព្រោះរឿងហិង្សា ។


ក្រោយមកនៅថ្ងៃទី២៧ ខែមិនា ២០២៣ ស្ត្រីឈ្មោះ គាំ ច័ន្ទណា(ប្រពន្ធចុង) បាននាំគ្នីគ្នាកម្មករចំនួនបួននាក់ ទៅគាស់ជញ្ជាំងផ្ទះទុកចោលមួយកន្លែង ដែលជាកម្មសិទ្ធរបស់ឈ្មោះ សក្តិ កាក់ និងប្រពន្ធដើមឈ្មោះ ចាន់ ស៊ីណាន ដើម្បីប្រមូលយកឈើក្តារចំនួន ២០សន្លឹក ។ ប្រភពបន្តថា ក្រោយធ្វើសកម្មភាពខាងលើពីសំណាក់ស្ត្រីប្រពន្ធចុង ប្រពន្ធដើមឈ្មោះ ចាន់ ស៊ីណាន បានដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចករណីលួចក្តារ។ 
បន្ទាប់ពីនគរបាលបានទទួលពាក្យបណ្តឹង និងឆ្លងទៅព្រះរាជអាជ្ញាបានធ្វើលិខិតកោះហៅ គាំ ច័ន្ទណា ចំនួនពីរលើកមកសាកសួរ។ ប៉ុន្តែស្ត្រីឈ្មោះ គាំ ច័ន្ទណា មានលេសចេតនាមិនចូលខ្លួនតាមការកោះហៅទាំងពីរលើក។ ដោយអនុវត្តតាមវិធានជំនាញ នគរបាលបាន ស្នើរសុំទៅខាងអយ្យការអមសាលាដំបូងចេញដីកាបញ្ជាឱ្យចូលខ្លួនឲ្យបានមុនថ្ងៃទី២៨ កក្កដា ២០២៣ ។
ប្រភពបន្តថា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល៣រសៀល នគរបាលបានចុះអនុវត្តតាមដីកាបញ្ជាឱ្យចូលខ្លួន នាំឈ្មោះ គាំ ច័ន្ទណា ពីស្រុកកែវសីមា ទៅសួរចម្លើយនិងឃាត់ខ្លួននៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី។ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ ២០២៣ ក៏ត្រូវចៅក្រមស៊ើបសួរសាលាដំបូងខេត្ត មណ្ឌលគិរី សម្រេចឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារខេត្ត ពីបទលួចមានស្ថានទម្ងន់ទោស៕

Tags

Comment