ភ្នំពេញ៖ ក្នងជំនួបសម្តែងការគួរសមរវាងឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មី នៃកម្ពុជា ជាមួយលោក អាឡិច ខានស៍ (Alex Carnes) ក្រឡាបញ្ជីនៃក្រុមភាគច្រើនរបស់អនុគណ:កម្មាធិការ ស្តីពី ប្រតិបត្តិការរបស់រដ្ឋ និងបរទេស និងកម្មវិធីពាក់ព័ន្ធនានា របស់គណ:កម្មាធិការគ្រប់គ្រង និងបែងចែកថវិកាជាតិ របស់ព្រឹទ្ធសភាអាមេរិក ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា “កម្ពុជាបើកទ្វារចំហ និងទទួលស្វាគមន៍ជានិច្ច នូវរាល់គំនិតផ្តួចផ្តើម និងកិច្ចសហប្រតិបត្តិការនានា ដែលធ្វើឱ្យកាន់តែប្រសើរឡើង នូវទំនាក់ទំនង កម្ពុជា-អាមេរិក”។
ក្នុងជំនួបរវាងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយកដ្ឋមន្ត្រីថ្ម នៃកម្ពុជា ជាមួយក្រឡាបញ្ជីនៃក្រុមភាគច្រើនរបស់អនុគណ:កម្មាធិការ ស្តីពី ប្រតិបត្តិការរបស់រដ្ឋ និងបរទេស និងកម្មវិធីពាក់ព័ន្ធនានា របស់គណ:កម្មាធិការគ្រប់គ្រង និងបែងចែកថវិកាជាតិ របស់ព្រឹទ្ធសភាអាមេរិកនេះ បានធ្វើឡើងនៅល្ងាចថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ នៅឯវិមានសន្តិភាព។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមបណ្ឌិត នាយករដ្ឋមន្រ្តី បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះការបំពេញទស្សនកិច្ច របស់គណៈប្រតិភូមន្រ្តីព្រឹទ្ធសភាអាមេរិក មកកាន់ព្រះរាជាណាចក្រកម្ពុជា ដែលឆ្លុះបញ្ចាំងអំពីទំនាក់ទំនងល្អប្រសើររវាង កម្ពុជា-អាមេរិក។ ឯកឧត្តមនាយករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណដល់ចំពោះរដ្ឋាភិបាល និងប្រជាជនសហរដ្ឋអាមេរិក ដែលកន្លងមកនេះ បានដើរតួនាទីចូលរួមចំណែកក្នុងការកសាង និងអភិវឌ្ឍកម្ពុជា តាមរយៈការជួយដល់ដំណើរប្រជាធិបតេយ្យ សេរីពហុបក្ស ការបណ្តុះបណ្តាលធនធានមនុស្ស ការបោសសម្អាតមីន ការផ្តល់នូវទីផ្សារដ៏ទូលំទូលាយសម្រាប់ផលិតផលវាយនភ័ណ្ឌ និងកាត់ដេររបស់កម្ពុជា តាមរយៈប្រព័ន្ធ GSP ការផ្ដល់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ ការផ្តល់ជំនួយថវិកាសម្រាប់វិស័យសុខាភិបាល និងការស្តារសេដ្ឋកិច្ចឡើងវិញ។
លោក អាឡិច ខានស៍ ក្រឡាបញ្ជី នៃក្រុមភាគច្រើន របស់អនុគណ:កម្មាធិការ ស្តីពី ប្រតិបត្តិការរបស់រដ្ឋ និងបរទេស និងកម្មវិធីពាក់ព័ន្ធនានា របស់គណ:កម្មាធិការគ្រប់គ្រង និងបែងចែកថវិកាជាតិ របស់ព្រឹទ្ធសភាអាមេរិក បានសម្ដែងនូវការអបអរសាទរជូនចំពោះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលជាការបើកទំព័រថ្មីមួយឈានទៅរកការធ្វើឱ្យប្រសើរឡើង នៃទំនាក់ទំនង កម្ពុជា-អាមេរិក។ លោក អាឡិច ខានស៍ បានធ្វើការវាយតម្លៃខ្ពស់ទៅលើកិច្ចសហប្រតិបត្តិការ អាមេរិក-កម្ពុជា ដែលមានចំណងការទូតដ៏យូរអង្វែងមកហើយ និងការចូលរួមរបស់សហរដ្ឋអាមេរិក តាមរយៈកម្មវិធីជំនួយអភិវឌ្ឍសង្គម ការលើកកម្ពស់ផ្នែកសុខាភិបាល និងការអប់រំនៅកម្ពុជា។
ជាការឆ្លើយតប ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា “កម្ពុជាបើកទ្វារចំហ និងទទួលស្វាគមន៍ជានិច្ច នូវរាល់គំនិតផ្តួចផ្តើម និងកិច្ចសហប្រតិបត្តិការនានា ដែលធ្វើឱ្យកាន់តែប្រសើរឡើង នូវទំនាក់ទំនង កម្ពុជា-អាមេរិក”។ ឯកឧត្តមបន្ថែមថា “កម្ពុជាពិតជាចង់បានទំនាក់ទំនងល្អជាមួយសហរដ្ឋអាមេរិក ដោយឈរលើមូលដ្ឋាន នៃការគោរពគ្នា និងការផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ដោយសំលឹងទៅមុខឱ្យលើសពីផលប្រយោជន៍នយោបាយតែមួយមុខ”។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មី នៃកម្ពុជា បានបន្ថែមថា “គណៈរដ្ឋមន្ត្រីរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ត្រៀមខ្លួនជាស្រេច ក្នុងធ្វើការជាមួយសហរដ្ឋអាមេរិក ដើម្បីពង្រឹង និងពង្រីកបន្ថែមទៀត នូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ទាំងក្នុងក្របខណ្ឌទ្វេភាគី និងវេទិកាពហុភាគី ដើម្បីផលប្រយោជន៍រួមសម្រាប់ប្រជាជាតិទាំងពីរ”។
នាឱកាសនោះភាគីទាំងពីរ កម្ពុជា-អាមេរិល ក៏បានពិភាក្សាគ្នាបន្ថែមទៅលើកិច្ចការងារមួយចំនួនទៀត ពាក់ព័ន្ធទៅនឹងការពង្រឹងលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស បញ្ហាសិទ្ធិមនុស្ស សន្តិសុខ សុវត្ថិភាព និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាដើម។
ជាទីបញ្ចប់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត បានជូនពរ លោក អាឡិច ខានស៍ និង គណៈប្រតិភូមន្រ្តីព្រឹទ្ធសភាអាមេរិក ទទួលបានជោគជ័យផ្លែផ្កា នៅក្នុងដំណើរទស្សនកិច្ចនេះ និង ជូនពរដល់ការធ្វើមាតុភូមិនិវត្តន៍។
Comment