ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ គ.ស ២០២៣ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ គណៈប្រតិភូខេត្តកន្ទូមនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយឯកឧត្តម យឿង វ៉ាន់ចាង សមាជិកគណៈកម្មាធិការមជ្ឈឹមបក្ស លេខាបក្សខេត្ត និងជាប្រធានក្រុមប្រឹក្សាប្រជាជនខេត្តកន្ទូម បានអញ្ជើញសួរសុខទុក្ខ និងជូនពរឯកឧត្តមញ៉ែម សំអឿន អភិបាលខេត្តរតនគិរីនៅបន្ទប់VIPសាលាខេត្តរតនគិរី។
នៅក្នុងជំនួបនេះ ឯកឧត្តម យឿង វ៉ាន់ចាង មានប្រសាសន៍ថា ក្នុងនាមលេខាបក្សខេត្ត ក្រុមប្រឹក្សាខេត្ត ព្រមទាំងប្រជាជនខេត្តកន្ទូមខេត្តមានសេចក្ដីសោមនស្សរីករាយឥតឧបមា និងសូមសម្ដែងអំណរសាទរយ៉ាងកក់ក្ដៅ ជូនចំពោះ ឯកឧត្តម ញ៉ែម សំអឿន អភិបាល ខេត្តរតនគិរីនិងជាប្រធានគណបក្ស
ប្រជាជនកម្ពុជាខេត្តរតនគិរីព្រមទាំងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ មន្ត្រីរាជការ កងកម្លាំងទាំងបីនិងប្រជាពលរដ្ឋក្នុងខេត្តរតនគិរីទាំងមូល ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងចូលមកដល់នាពេលខាងមុខនេះ សូមសមប្រកបនូវសុខភាពល្អបរិបូរណ៍ បញ្ញាញាណវាងវៃ អាយុយឺនយូរ ដើម្បីបន្តដឹកនាំខេត្តរតនគិរីឲ្យឆ្ពោះទៅរកការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងភាពសម្បូររុងរឿង ។
ជាការឆ្លើយតប ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាព សាមគ្គីភាព រវាងរដ្ឋបាលខេត្តរតនគិរី និងខេត្តកន្ទូមដែលបានធ្វើសហប្រតិបត្តិការល្អរវាងគ្នានិងគ្នា។ឯកឧត្តមមានជំនឿជាក់ថា ខេត្តទាំងពីរនឹងបន្តពង្រឹងពង្រឹកបន្ថែមទៀតនាពេលអនាគត ដើម្បីជាប្រយោជន៍ទៅវិញទៅមក និងដើម្បីរក្សាសន្តិភាព ស្ថិរភាព និងវិបុលសុខនៃខេត្តទាំងពីរ។ ឯកឧត្តម ញ៉ែម សំអឿន បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះគណ:ប្រតិភូខេត្តកន្ទូម ដែលបានឆ្លៀតឱកាសចំណាយពេលវេលាដ៏មានតំលៃអញ្ជើញមកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីជូនថ្នាក់ដឹកនាំខេត្តរតនគិរីក៏ដូចជាប្រជាពលរដ្ឋខេត្តរតនគិរីនាពេលនេះ។
សូមបញ្ជាក់ផងដែរថា នៅព្រឹកថ្ងៃដ៏ដែលនេះគណៈប្រតិភូខេត្តកន្ទូមនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយឯកឧត្តម យឿង វ៉ាន់ចាង សមាជិកគណៈកម្មាធិការមជ្ឈឹមបក្ស លេខាបក្សខេត្ត និងជាប្រធានក្រុមប្រឹក្សាប្រជាជនខេត្តកន្ទូមនិងថ្នាក់ដឹកនាំខេត្តរតនគិរីបានអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណខន្ធកងទ័ពស្ម័ក្រចិត្តវៀតណាមនៅស្តូបអនុស្សា
វរីយ៍មិត្តភាពកម្ពុជា វៀតណាមស្ថិតនៅក្រុងបានលុងខេត្តរតនគិរីផងដែរ៕
Comment