ខេត្តពោធិ៍សាត់៖ លោកវរសេនីយ៍ឯក អ៊ុន ស៊ី អធិការនគរបាលស្រុកកណ្តៀង បានឱ្យដឹងនៅព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣នេះថា៖ ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលស្រុកកណ្តៀងចាប់ឃាត់ខ្លួន ក្រោយធ្វើសកម្មភាពលួចទូរស័ព្ទដៃរបស់ព្រះសង្ឃព្រះនាម ខែក សុខចាន់ គង់នៅវត្តទេពសន្យា ស្ថិតនៅភូមិស្យា ឃុំស្យា ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ហើយយកទៅលក់ចាយលុយអស់។ ប្រតិបត្តិការបង្ក្រាបនេះធ្វើឡើងនៅវេលាម៉ោង ១៧និង៣០នាទី ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣ ។
លោកវរសេនីយ៍ឯក អ៊ុន ស៊ី អធិការ នៃអធិការដ្ឋាននគរបាលស្រុកកណ្តៀង បានប្រាប់បន្តថា ក្រោយទទួលបានការផ្តល់ព័ត៌មានពីព្រះតេជគុណព្រះនាម ខែក សុខចាន់ មានព្រះជន្ម១៦វស្សា គង់នៅវត្តខាងលើថា មានជនមិនស្គាល់អត្តសញ្ញាណចូលលួចទួរស័ព្ទដៃរបស់ព្រះអង្គមួយគ្រឿងម៉ាកវីវូ ពណ៌ទឹកសមុទ្រដែលបានដាក់បញ្ចូលថ្មទុកនៅក្នុងកុដិ ។
កម្លាំងប៉ុស្តិ៍បានធ្វើការស្រាវជ្រាវកំណត់មុខសញ្ញា រួចនាំឈ្មោះ វ៉ា ឃីម ភេទប្រុស អាយុ១៨ឆ្នាំ មកសាកសួរយកចម្លើយ។ លោកអធិការបានបន្តថា ជនសង្ស័យឈ្មោះ វ៉ា ឃីម បានសារភាពថា នៅវេលាម៉ោង១១និង០០នាទី នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ ពេលព្រះសង្ឃឡើងទៅឆាន់នៅសាលាឆាន់ ខ្លួនបានលបលួចឡើងយកទូរស័ព្ទដៃ០១គ្រឿងម៉ាកដូចខាងលើ នៅកុដិរបស់ព្រះសង្ឃឈ្មោះ ខែក សុខចាន់ ពិតប្រាកដមែន ហើយខ្លួនជិះម៉ូតូយកទៅលក់នៅហាងលក់ទូរស័ព្ទដៃ ខាងត្បូងផ្សារថ្មីពោធិ៍សាត់ មិនចាំយីហោ តែចំណាំហាង ក្នុងតម្លៃ១០០,០០០រៀល។ ក្រោយពីលក់បានលុយហើយ ខ្លួនយកលុយនោះចាយវាយលេងបាល់ ទិញកាតទូរស័ព្ទនិងចំណាយផ្សេងៗទៀតរហូតដល់អស់ ។ បច្ចុប្បន្ន សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យមកកាន់អធិការដ្ឋានដើម្បីបំពេញនីតិវិធីបន្ត ៕
Comment