ភ្នំពេញ៖ ផ្ទះស្ត្រីជាគ្រូទាយម្នាក់ ត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុងផ្នែកល្វែងលើជាក់ទី៣ នៅព្រឹកព្រលឹមស្រាង ប៉ុន្តែសំណាងគ្មានមនុស្សរងគ្រោះ និងមិនឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។ ករណីគ្រោះអគ្គិភ័យខាងលើ កើតឡើងនៅវេលាម៉ោង ០៤និង០០នាទីទាបភ្លឺ ថ្ងៃចន្ទ ៧កើតខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣នេះ នៅភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
នគរបាលបានឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ ដួង រតនា ភេទ ស្រី អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្រូទាយស្នាក់ភូមិ-សង្កាត់ខាងលើ។ ចំពោះមូលហេតុបង្កឲ្យកើតមានអគ្គិភ័យមិនទាន់ដឹងនៅឡើយទេ សមត្ថកិច្ចជំនាញកំពុងបន្តការស្រាវជ្រាវ។ ប្រភពបន្តទៀតថា ផ្ទះរងគ្រោះ ជាប្រភេទសំណង់ថ្មបេតុង ទំហំ ០៤ម៉ែត្រX១៦ម៉ែត្រ ខូចខាតសម្ភារៈ ឆេះផ្ទះល្វែងជាន់ទី០៣ ចំនួន ០១ល្វែងលើ រួមទាំងសម្ភារៈប្រើប្រាស់អស់ទាំងស្រុង និងពុំបានឆេះរាលដាលដល់អ្នកក្បែរខាងឡើយ ។
ក្រោយពេលកើតហេតុ កងកម្លាំងបង្ការពន្លត់អគ្គីភ័យនិងសង្គ្រោះបានប្រេីប្រាស់រថយន្តការិយាល័យអគ្គិភ័យចំនួន ០៥គ្រឿង ប្រេីប្រាស់ទឹកអស់ ចំនួន ០៥រថយន្ត ស្មើរនឹង ២០ម៉ែត្រគូប ពន្លត់ចប់នៅវេលាម៉ោង ០៥និង៣០នាទី។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវស្វែងរកមូលហេតុពិតប្រាកដ ដែលនាំឲ្យកើតមានអគ្គិភ័យនេះផងដែរ៕
Comment