• Today: November 21, 2024

សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញជួបសំណេះសំណាលថ្នាក់ដឹកនាំសាលា និងសិក្ខាកាមនគរបាលកម្ពុជា ចំនួន២៤១នាក់ នៅទីក្រុងហូជីមិញ

ហូជីមិញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំសាលា និងសិក្ខាកាមនគរបាលកម្ពុជា ចំនួន២៤១នាក់ ដែលកំពុងសិក្សានៅតាមសាលាបណ្ដុះបណ្ដាលនគរបាលនានា នៅទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ នេះ។

មុនអញ្ជើញសំណេះសំណាលជាមួយសិក្ខាកាមនគរបាលកម្ពុជា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី បានជួបសំណេះសំណាលជាមួយ ឧត្ដមសេនីយ៍ត្រី បណ្ឌិត ដ័ន មិញលី នាយកមហាវិទ្យាល័យសន្តិសុខប្រជាជន នៃសាធារណរដ្ឋសង្គមនិយមវៀតណាមផងដែរ។

ក្នុងឱកាសនោះ សម្ដេចក្រឡាហោម បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំមហាវិទ្យាល័យ និងសាលានគរបាលជាតិវៀតណាម សម្រាប់ការយកចិត្តទុកដាក់បណ្ដុះបណ្ដាល និងការគាំទ្រគ្រប់បែបយ៉ាងដល់សិក្ខាកាមនគរបាលកម្ពុជា។

ក្នុងនាមក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចក្រឡាហោម ស ខេង បានស្នើភាគីវៀតណាម បន្តការទទួលបណ្ដុះបណ្ដាល សិក្ខាកាមនគរបាលកម្ពុជា នៅឆ្នាំបន្តបន្ទាប់ទៀត។ ជាការឆ្លើយតប ឧត្ដមសេនីយ៍ត្រី បណ្ឌិត ដ័ន មិញលី នាយកមហាវិទ្យាល័យសន្តិសុខប្រជាជន នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានឯកភាព និងគាំទ្រចំពោះសំណើរសម្ដេចក្រឡាហោម ជាមួយក្ដីសង្ឃឹមថា ភាគីទាំងពីរនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាលើវិស័យបណ្ដុះបណ្ដាលនេះបន្ថែមទៀត។

បន្ទាប់មកសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបន្តជួបសំណេះសំណាលជាមួយសិក្ខាកាមនគរបាលកម្ពុជា ឈ្លាតក្នុងឱកាសនោះជាថ្មីម្ដងទៀត សម្ដេចបានថ្លែងអំណរគុណដល់ក្រសួងនគរបាល និងរដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានផ្ដល់កិច្ចសហការល្អជាមួយក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា។

សម្ដេចក្រឡាហោម ស ខេង ក៏បានថ្លែងអំណរគុណគណៈដឹកនាំសាលាបណ្ដុះបណ្ដាល នគរបាលវៀតណាម ដែលបានសហការរៀបចំពិធីសំណេះសំណាលនាឱកាសនេះ ដោយមានការចូលរួមពីសិក្ខាកាមនគរបាលកម្ពុជា ចំនួន២៤១នាក់ មកពីសាលាបណ្ដុះបណ្ដាលចំនួន ៥ ឱុ្យបានមកជួបជុំគ្នានាឱកាសនេះ។ សម្ដេចក៏បានអរគុណសម្រាប់ការគាំទ្រទាំងការស្នាក់នៅ ការហូបចុក ការថែទាំងសុខភាព ពិសេសការគាំទ្រផ្សេងៗក្នុងអំឡុងពេលរាតត្បាតជំងឺកូវីដ-១៩ កន្លងមក។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី ក៏បានមានប្រសាសន៍ទៅកាន់សិក្ខាកាមនគរបាលអំពីសារៈសំខាន់ នៃការថែរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ដើម្បីគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ ក្នុងនោះសម្ដេចបានលើកឡើងអំពីបញ្ហាប្រឈមជាសាកលពាក់ព័ន្ធនឹងបញ្ហាសន្តិសុខ ដោយសារភាពស្មុគស្មាញ នៃបទល្មើសបច្ចេកវិទ្យា និងឧក្រិដ្ឋកម្មឆ្លងដែន ពិសេសបទល្មើសមិនប្រពៃណីដែលមានការប្រែប្រួល និងកើតឡើងឥតឈប់ឈរជារៀងរាល់ថ្ងៃ។

សម្ដេចឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍធនធានមនុស្ស នៃក្រសួងមហាផ្ទៃ ដែលមិនមែនសម្រាប់តែក្របខណ្ឌមន្រ្តីនគរបាលជាតិទេ ប៉ុន្តែមន្រ្តីអនុរក្សពន្ធនាគារ និងមន្រ្តីរាជការស៊ីវិលក៏បានធ្វើឡើងដូចគ្នាដែរ ជាក់ស្ដែងក្រសួងបានដាក់ឱ្យដំណើរការសាលាជាតិរដ្ឋបាលមូលដ្ឋាន។ សម្ដេចសង្ឃឹមជឿជាក់ថា សិក្ខាកាមនគរបាលកម្ពុជាដែលកំពុងសិក្សានៅប្រទេសវៀតណាមនាឱកាសនេះ នឹងខិតខំប្រឹងប្រែងសិក្សារៀនសូត្រដើម្បីយកចំណេះដឹងមកបម្រើប្រទេសជាតិ។

ក្នុងឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង ក៏បានមានប្រសាសន៍បញ្ជាក់អំពីប្រធានបទសំខាន់ពាក់ព័ន្ធនឹងស្ថានការណ៍ និងស្ថានភាពប្រទេសកម្ពុជា រួមទាំងកិច្ចការសំខាន់ៗរបស់ក្រសួងមហាផ្ទៃ។  សម្ដេចក៏បានផ្ដល់អនុសាសន៍ណែនាំឱ្យសិក្ខាកាមគោរពឱ្យបានខ្ជាប់ខ្ជួននូវច្បាប់ ប្រពៃណី ទំនៀមទំលាប់ នៃប្រទេសដែលខ្លួនស្នាក់នៅសិក្សារៀនសូត្រ និងត្រូវមានស្មារតីស្រលាញ់រាប់អាន ចេះជួយយកអាសារគ្នាទៅវិញទៅមកជាមួយសិក្ខាកាម និងជនជាតិដ៏ទៃទៀត រាប់ទាំងជនជាតិនៃប្រទេសដែលកំពុងស្នាក់នៅសិក្សារៀនសូត្រ ៕

Tags

Comment