• Today: November 21, 2024

គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ផ្តល់សំបុត្រឥតគិតថ្លៃ៣០០០សំបុត្រ សម្រាប់ពលរដ្ឋខ្មែររស់នៅក្រៅប្រទេសចូលទស្សនាពិធីបើក-ពិធីបិទព្រឹត្តិការណ៍កីឡាស៊ីហ្គេម

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (CAMSOC) បានចេញសេចក្តីជូនដំណឹងស្ដីពីការផ្តល់សំបុត្រឥតគិតថ្លៃ ចំនួន៣០០០សំបុត្រ សម្រាប់ប្រជាពលរដ្ឋខ្មែររស់នៅក្រៅប្រទេសចូលទស្សនាពិធីបើក និងពិធីបិទព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នាពេលខាងមុខនេះ។

អនុវត្តតាមអនុសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរដែលរស់នៅក្រៅប្រទេសមកលេងស្រុកកំណើត ដើម្បីបានឃើញពីការអភិវឌ្ឍជាក់ស្ដែងនៅកម្ពុជា និងយោងតាមស្មារតីនៃវិធានការគោលនយោបាយអនុវត្តយុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា២០២៣» គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ (គ.ជ.ប.អ.) នឹងរៀបចំផ្តល់ជូននូវសំបុត្រឥតគិតថ្លៃសម្រាប់ប្រជាពលរដ្ឋខ្មែររស់នៅក្រៅប្រទេសចំនួន៣០០០សំបុត្រ ដើម្បីអាចចូលទស្សនាពិធីបើកព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ និងពិធីបិទនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។

ដូច្នេះប្រជាពលរដ្ឋខ្មែរដែលរស់នៅក្រៅប្រទេសទាំងអស់ដែលមានបំណងចង់ចូលរួមទស្សនការប្រកួតកីឡាស៊ីហ្គេមអាចចុះឈ្មោះតាមប្រព័ន្ធអនឡាញតាមរយៈគេហទំព័រ www.overseaskhmer2023.com ។ ក្រោយពេលបានចុះឈ្មោះរួចរាល់ ប្រជាពលរដ្ឋខ្មែរដែលរស់នៅក្រៅប្រទេសអាចមកទទួលយកសំបុត្រដោយផ្ទាល់ ឬអាចស្នើសុំឱ្យបងប្អូន សាច់ញាតិ ឬមិត្តភក្ដិដែលរស់នៅក្នុងប្រទេសកម្ពុជាមកទទួលយកជំនួសបានពីបញ្ជរផ្តល់ជូនសំបុត្រឥតគិតថ្លៃ ដែលមានទីតាំងនៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ ចាប់ពីថ្ងៃចន្ទ ទី២៤ ខែមេសា ឆ្នាំ២០២៣ រហូតដល់ថ្ងៃចន្ទ ទី១ ខែឧសភា ឆ្នាំ២០២៣ នៅរៀងរាល់ថ្ងៃ និងម៉ោងធ្វើការ ពេលព្រឹក ចាប់ពីម៉ោង ៨និង៣០នាទី ដល់១១និង៣០នាទីព្រឹក និងពេលរសៀល ចាប់ពីម៉ោង​២​និង​៣០​នា​ទី ដល់់៥និង៣០នាទីល្ងាច៕

Tags

Comment