ធានីភ្នំពេញ៖ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានលើកឡើងថា «ក្រសួងយុត្តិធម៌ និងអង្គការ JICA បានបញ្ចប់គម្រោងអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌ជំហានទី៥ ដោយជោគជ័យ និងសម្រេចបន្តកិច្ចសហប្រតិបត្តិលើគម្រោងជំហានទី ៦ បន្ថែមទៀត»។
ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានលើកឡើងបែបនេះ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ នេះ ក្នុងឱកាសអនុញ្ញាតឱ្យ លោកស្រី KAMEI Haruko ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំកម្ពុជា ចូលជួបជម្រាបលា នៅមុនពេលដែលលោកស្រីបញ្ចប់អាណត្តិបេសកម្មនៅកម្ពុជា នៅចុងខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ។
ថ្លែងក្នុងជំនួបនេះ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកស្រីប្រធាន និងអង្គការ JICA ដែលបានផ្តល់កិច្ចសហការប្រតិបត្តិការល្អជាមួយក្រសួងយុត្តិធម៌នាពេលកន្លងមក លើវិស័យរដ្ឋប្បវេណីក្នុងក្របខណ្ឌគម្រោងអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌ ចាប់ពីជំហានទី១ រហូតដល់ជំហានទី៥ ជាពិសេសនៅក្នុងអាណត្តិរបស់លោកស្រីផ្ទាល់ ក្រសួងយុត្តិធម៌ និងអង្គការ JICA បានបញ្ចប់គម្រោងអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌ជំហានទី៥ ដោយជោគជ័យ និងសម្រេចបន្តកិច្ចសហប្រតិបត្តិលើគម្រោងជំហានទី ៦ បន្ថែមទៀត។ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍បន្ថែមថា កិច្ចសហប្រតិបត្តិការនេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងមានការទទួលខុសត្រូវខ្ពស់ ហើយនេះជាសក្ខីភាពដែលបង្ហាញអំពីចំណងមិត្តភាពដ៏រឹងមាំ យូរអង្វែង និងភាពជាដៃគូរដ៏ស្មោះត្រង់ រវាងក្រសួងយុត្តិធម៌កម្ពុជា និងអង្គការ JICA ។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋភិបាលជប៉ុន និងប្រជាជនជប៉ុន ដែលតែងតែជួយដល់ប្រទេសកម្ពុជាស្ទើរគ្រប់វិស័យ។
ជាចុងបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានជូនពរដល់ លោកស្រី KAMEI Haruko ធ្វើដំណើរត្រឡប់ទៅមាតុប្រទេសវិញប្រកបដោយសុខសុវត្ថិភាព និងទទួលជោគជ័យថ្មីបន្ថែមទៀត ក្រសួងយុត្តិធម៌បានត្រៀមខ្លួនដើម្បីសហការជាមួយប្រធានថ្មីដែលនឹងមកទទួលការងារបន្ត៕
Comment