កណ្តាល៖ ឧក្រិដ្ឋជនជាមេក្លោងជួញដូរគ្រឿងញៀនដ៏សកម្ម ដែលបានជាប់ព័ន្ធករណីបាញ់សម្លាប់មន្ត្រីនគរបាលស្រុកអង្គស្នួល ចំនួន០២នាក់ កាលពីអំឡុងឆ្នាំ២០២២ កន្លងមក ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀន ត្រូវបានកម្លាំងសមត្ថកិច្ចស្រាវជ្រាវ និងចាប់ខ្លួនតាមដីការបស់សាលាដំបូងខេត្តកណ្តាល។
នគរបាលស្រុកអង្ឡស្នួល បានឱ្យដឹងថា ក្នុងកិច្ចប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបតាមដីកាបង្គាប់ឲ្យចាប់ខ្លួន របស់អយ្យការអមសាលាដំបូងខេត្តកណ្ដាល សមត្ថកិច្ចជំនាញអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួន នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ០៩និង ៣០នាទី នៅចំណុចផ្ទះជនសង្ស័យភូមិលំហាច ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ដោយឃាត់ខ្លួនបំពេញបែបបទដើម្បីបញ្ជូនទៅតុលាការចាត់ការបន្តតាមច្បាប់។
ប្រភពបន្តទៀតថា កម្លាំងផ្នែកនគរបាលយុត្តិធម៌ ផ្នែកនគរបាលប្រឆាំងគ្រឿងញៀន កម្លាំងប៉ុស្តិ៍ម្កាក់ ពើក ដំណាក់អំពិល និងប៉ុស្តិ៍ទួលព្រេជ នៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល បានចុះកិច្ចប្រតិបត្តិការចាប់ខ្លួនមុខសញ្ញាមានដីកាបង្គាប់ឱ្យចាប់ខ្លួន របស់អយ្យការអមសាលាដំបូងខេត្តកណ្ដាល។ ជនសង្ស័យមានឈ្មោះ យ.ព.ស ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិលំហាច ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។
នគរបាលបានបញ្ជាក់ថា ជនសង្ស័យខាងលើ មានដីកាបង្គាប់ឱ្យចាប់ខ្លួនចំនួន០៣ដីការ រួមមាន៖
ទី១-ដីកាបង្គាប់ឲ្យចាប់ខ្លួន លេច៣៦៨ ចុះថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ របស់លោក វ៉ាន់ សុបញ្ញា ចៅក្រមស៊ើបសួរ នៃអយ្យការអមសាលាដំបូងខេត្តកណ្ដាល ត្រូវចោទពីបទៈ ឃាតកម្មដែលមានទម្ងន់ទោសទាក់ទងជនរងគ្រោះ ,កាន់កាប់ និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដែលបានប្រព្រឹត្តនៅភូមិចន្ទ្រាថ្មី ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្ដាល កាលពីនៅថ្ងៃទី២១ ខែមេសាឆ្នាំ២០២២។
ទី២- ដីកាបង្គាប់ឲ្យចាប់ខ្លួន លេខ៨៥៤ ចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ របស់លោក វ៉ាន់ សុបញ្ញា ប្រធានចៅក្រុមប្រឹក្សាជំនុំជម្រះ នៃអយ្យការអមសាលាដំបូងខេត្តកណ្ដាល ត្រូវចោទពីបទៈ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដែលប្រព្រឹត្តនៅភូមិត្រពាំងកក់ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល កាលពីនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១។
ទី៣- ដីកាបង្គាប់ឲ្យចាប់ខ្លួន លេខ៥៨០ (ន)/២១ ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ របស់លោក អឿង វណ្ណា ចៅក្រមស៊ើបសួរ នៃអយ្យការអមសាលាដំបូងខេត្តកណ្ដាល ត្រូវចោទពីបទៈ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅភូមិត្រពាំងកក់ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល កាលពីនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១។
នគរបាលស្រុកអង្គស្នួល បានបញ្ជាក់ថា ជនសង្ស័យរូបនេះធ្លាប់ជាប់ពន្ធនាគារ ចំនួន០១លើក នៅ ពន្ធនាគារព្រៃស (ម១) ក្នុងករណីៈ លួចមានស្ថានទម្ងន់ទោស (ឆក់ខ្សែក) ជាប់រយៈពេល ០៥ឆ្នាំ ក្នុងឆ្នាំ២០១១-២០១៥។
សូមជម្រាបថា នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ កម្លាំងនគរបាលស្រុកអង្គស្នួល បានចុះប្រតិបត្តិការបង្ក្រាប់មុខសញ្ញាគ្រឿង ចំណុចភូមិចន្ទ្រាថ្មី ឃុំទួលព្រេជ ស្រុកអង្គស្នួល ខណៈពេលនោះក្រុមឧក្រិដ្ឋជន បានបាញ់រះលើសមត្ថកិច្ចបណ្តាលឱ្យមេប៉ុស្តិ៍ឃុំទួលព្រិច មានឈ្មោះ ជុច សុភា និងមន្ត្រីផ្នែកប្រឆាំងគ្រឿងញៀនម្នាក់តៀត នៃអធិការដ្ឋានស្រុកអង្គស្នួលឈ្មោះ រីម ផាន់ណា បានស្លាប់។ ក្នុងហេតុការណ៍បង្រ្កាបបទល្មើសគ្រឿងញៀន សមត្ថកិច្ចបានឃាត់បានជនល្មើស ចំនួន០៥នាក់ ដោយក្នុងនោះមានម្នាក់រងរបួសធ្ងន់។
បច្ចុប្បន្ន ឧក្រឹដ្ឋជនជាមុខសញ្ញាជួញដូរគ្រឿងញៀន និងពាក់ព័ន្ធបាញ់សម្លាប់មន្ត្រីនគរបាលស្រុកអង្គស្នួលបណ្តាលឱ្យស្លាប់ ចំនួន០២នាក់ ត្រូវបានមន្ត្រីជំនាញរៀបចំកសាងសំណុំឯកសារបញ្ជូនទៅតុលការ ដើម្បីចាត់តាមផ្លូវច្បាប់៕
Comment