ព្រះសីហនុ៖ កម្លាំងសមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ បានប្រកមូលក្រុមជនសង្ស័យ ចំនួន១៣នាក់ ដែលជាមុខសញ្ញាប្រព្រឹត្តបទល្មើសនានា ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ត្រូវបានបង្ក្រាប ចាប់ខ្លួន និងកសាងសំណុំរឿងដើម្បីបញ្ជូនទៅកាន់តុលការចាត់ការតាមផ្លូវច្បាប់។
នៅព្រឹកថ្ងៃ០៨ ខែឧសភា ឆ្នាំ២០២៣ ជនសង្ស័យចំនួន១៣នាក់ ត្រូវកម្លាំងនគរបាលជំនាញបង្ក្រាប និងឃាត់ខ្លួនពាក់ព័ន្ធករណីលួច កាប់ប្លន់យកម៉ូតូ ,លួចកាច់សោរកម៉ូតូ និងលួចរថយន្ត ,អ្នកទទួលផលចោរកម្ម ,ប្រើប្រាស់អាវុធខុសច្បាប់ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនជាដើម។
ក្រុមជនសង្ស័យទាំង១៣នាក់ ដែលកម្លាំងសមត្ថកិច្ចប្រតិបត្តិការបង្ក្រាប និងចាប់ខ្លួនទាំងនោះ គឺសុទ្ធជាមុខសញ្ញាចាស់ធ្លាប់ប្រព្រឹត្តបទល្មើស និងធ្លាប់ជាពន្ធនាគារ ប៉ុន្តែក្រោយពេលចេញពីគុកពួកវាមិនបានកែប្រែខ្លួនជាប្រជាពលរដ្ឋល្អទេនាំគ្នាប្រព្រឹត្តបទល្មើសបង្កឱ្យមានអសន្និសុខក្នុងសង្គមដដែល។
ចំពោះវត្ថុតាងចាប់យកបានរួមមាន ម៉ូតូ ចំនួន០៧គ្រឿង ,រថយន្ត ០១គ្រឿង ម៉ាក HYUNDAI Porter ផលិតឆ្នាំ២០០១ ពណ៌ស ផ្លាកលេខៈ ភ្នំពេញ 2AV-7041 ,អាវុធខ្លី ០១ដើម ម៉ាក ZAVODI CRVENA ZASTAVA ពណ៌ទឹកប្រាក់ មានលេខសម្គាល់ 88303 បង់០១ និងគ្រាប់កាំភ្លើងប្រភេទ 9mm ចំនួន០៨គ្រាប់ និងសម្ភារៈដែលពាក់ព័ន្ធនឹងបទល្មើសយ៉ាងច្រើនទៀត។
តាមការបញ្ជាក់ក្រុមជនសង្ស័យទាំង១៣នាក់នេះ បានប្រព្រឹត្តិបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស ប្រើដាវកាប់ប្លន់យកម៉ូតូ ,លួចកាច់ក ម៉ូតូ និងឆ្កឹះសោកលួចរថយន្ត សរុបចំនួន០៧ករណី។
បច្ចុប្បន្ន មន្ត្រីនគរបាលជំនាញព្រហ្មទណ្ឌកម្រិតស្រាល កំពុងតែកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់៕
Comment